រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុងអរិយក្សត្រ ដោយកាត់ចេញពីឃុំចំនួន ៦ ពីស្រុកខ្សាច់កណ្តាល និង ៥ ឃុំពីស្រុកល្វាឯម នៃខេត្តកណ្តាល។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សម្រាប់ការបង្កើតក្រុងអរិយក្សត្រថ្មីនេះ ត្រូវបានកាត់ចេញពីស្រុកខ្សាច់កណ្តាល ចំនួន ៦ឃុំ គឺ ឃុំបាក់ដាវ ឧកញ៉ាតី ព្រែកអំពិល ព្រែកលួង ព្រែកតាកូវ និងស្វាយជ្រុំ។ ចំណែកឯស្រុកល្វាឯម មានចំនួន ៥ឃុំ គឺ ឃុំអរិយក្សត្រ សារិកាកែវ ពាមឧកញ៉ាអ៊ុង ព្រែកក្មេង និងបារុង។
សូមជម្រាបថា កាលពីចុងខែសីហា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីរឿងរាជរដ្ឋាភិបាល កំពុងសិក្សានៅតំបន់ល្វាឯម នៃស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីបង្កើតជាក្រុងថ្មីមួយ តែចំណុះឲ្យខេត្តកណ្ដាលដដែល។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់បានប្រាប់គេហទំព័រឧកញ៉ាញូស៍ ថា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលក្នុងការបង្កើតក្រុងល្វាឯម ជាសញ្ញាវិជ្ជមានមួយ សម្រាប់អ្នកវិនិយោគប្រមើលមើលពីឱកាស ក្នុងការរកស៊ីជួញដូរនៅម្ដុំនោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពី ការអភិវឌ្ឍដែលផ្តើមពីការរីកចម្រើន កំណើនយានយន្ត និងប្រជាពលរដ្ឋជាច្រើនក្នុង បញ្ហានេះសម្តេច បានរម្លឹកពីការកាត់ដីពង្រីក វិសាលភាពក្រុង ភ្នំពេញ ដែលកាត់ចេញពីខេត្តកណ្តាល ។
ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ មានប្រសាសន៍ថា៖ “ដីធ្លីនៅតំបន់អរិយក្សត្រវាជាពេលដែលត្រូវឡើងថ្លៃ ពីព្រោះតំបន់ដែលនៅជិតរាជធានីភ្នំពេញមានតែតំបន់ហ្នឹងមួយទេ (អរិយក្សត្រ) មានតម្លៃសមរម្យ ដោយកន្លងមកជួបបញ្ហាការលំបាកធ្វើដំណើរ។ បើគ្មានស្ពានទេត្រូវការពេលវេលាយូរក្នុងការឆ្លងសាឡង”។
លោកគូសបញ្ជាក់ថា នៅពេលមានស្ពានប្រជាជនមានភាពងាយស្រួលក្នុងការធ្វើដំណើរ អ្នកវិនិយោគទុនជាតិ អន្តរជាតិ ក៏អាចវិនិយោគអចលនទ្រព្យនៅតំបន់នោះ ព្រោះចរាចរនឹងកើនឡើងខ្ពស់ ហើយការអភិវឌ្ឍនឹងរីកចម្រើនលឿនដោយសារមានស្ពានភ្ជាប់ជាមួយរាជធានី។
គួររម្លឹកថា ខេត្តកណ្តាលមាន ក្រុងតាខ្មៅ និងស្រុកចំនួន១០ ។ ប៉ុន្តែ នៅ ពេល ខាង មុខ ខេត្តកណ្តាលនឹងមានក្រុងចំនួន២គឺក្រុងតាខ្មៅ និង ក្រុង ល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូលនិងស្រុកខ្សាច់កណ្តាល៕
សម្តេច ហ៊ុន សែន ប្រកាសផ្លូវការសម្រេចបង្កើតក្រុងអរិយក្សត្រ កាត់ចេញពីស្រុកចំនួនពីរ
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព