ឧកញ៉ា ចាន់ សុឃាំង ជួបអនុព័ន្ធពាណិជ្ជកម្មថៃ ដើម្បីជំរុញអង្ករខ្មែរ ចូលក្នុងផ្សារទំនើបថៃ

ជុំវិញ​ឧកញ៉ា

កាលពីព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ​នេះ ​​​​លោក​ឧកញ៉ា ចាន់ សុឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា (CRF) ​​​​បាន​អញ្ជើញ​ជួប​ពិភាក្សា​​ជាមួយ​​​​​លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម ប្រចាំព្រះរាជាណា​ចក្រ​ថៃឡង់ដ៌ ​​​ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​អង្ករ​កម្ពុជា ​​ចូល​ក្នុង​ផ្សារ​ទំនើប​ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ចាន់ សុឃាំង ​​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​​ក្នុង​ជំនួប​ខាង​លើ​នេះ ​​​​លោក​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​​មួយ​ចំនួន​​ដូច​ជា៖ (១)ជំរុញ​អង្ករកម្ពុជា ចូល​ក្នុង​ផ្សារ​ទំនើប​របស់​ថៃ ដូចជា​ផ្សារ​ទំនើប Big C និង​ផ្សារ​ទំនើប​ម៉ាក្រូ (Makro), (២)ពិភាក្សា​ពី​គម្រោង​​រៀបចំ​ Cambodia Rice Night ជាមួយកុងស៊ុល និង​ទូត​ដែល​មាន​វត្តមាន​នៅ​ប្រទេស​ថៃ​ទាំង​អស់ និង​ (៣)បង្កើត​គ្រុប តេលេក្រាម CRF-Commercial Attache ​​ដើម្បី​ផ្សព្វ​ផ្សាយ និង​ជំរុញ​​អង្ករ​​កម្ពុជា។

គួរ​រំលឹក​ថា តាមរយៈកម្មវិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និង​កម្មវិធីបោះឆ្នោតក្រុមប្រឹក្សាភិបាល អាណត្តិទី៤ ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅ​សណ្ឋាគារ សូហ្វីតែល ឧកញ៉ា ចាន់ សុឃាំង ទទួលនូវសេចក្តីទុកចិត្តពីសមាជិក សមាជិកា ក្រុមប្រឹក្សា​ភិបាល​សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបោះឆ្នោត​គាំទ្រឱ្យក្លាយជា​ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់​អាណត្តិទី៤។

ក្រោយ​ជាប់ជាប្រធានថ្មីសហព័ន្ធស្រូវអង្ករកម្ពុជា លោក​ឧកញ៉ា ចាន់ សុឃាំង ​​បាន​ខិត​ខំ​ប្រឹង​ប្រែង​​​យ៉ាង​ខ្លាំង ​​ដើម្បី​ធ្វើ​យ៉ាង​ណា ​​ជួយ​ជំរុញ​វិស័យ​ស្រូវ​​​អង្ករ​កម្ពុជា ​​​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ជាក់ស្តែង កាលពី​​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លោក​ឧកញ៉ា បានដឹកនាំក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងស្ថាប័នពាក់ព័ន្ធ ចូលរួម​កិច្ចប្រជុំជាមួយលោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដើម្បីជំរុញការនាំចេញ​អង្ករ​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

យ៉ាងណាមិញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ចាន់ សុឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ​​ក៏​បាន​សហការ​ជាមួយ​​ទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួរគី (TIKA) ​​​​ផ្តល់ជំនួយ​​ជា​ម៉ាស៊ីន​ស្ទូងស្រូវ​​ចំនួន ២០​គ្រឿង និង​ឧបករណ៍​សម្រាប់​បណ្តុះ​គ្រាប់​ពូជ ​​ដល់​សហគមន៍​ចំនួន​៥ ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ចាម កំពង់ធំ ព្រៃវែង និង​ខេត្ត​តាកែវ ​​ក្នុង​គោលបំណង​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាកសិករ៕