តាំងពីបើកទំព័រឆ្នាំ ២០២២ សេដ្ឋកិច្ចសកលហាក់ជួបបញ្ហាឥតឈប់ឈរ ណាមួយសង្គ្រាមនៅអ៊ុយក្រែនផង វិបត្តិអតិផរណាពិភពលោកផង គួបផ្សំនឹងការផ្ទុះកូវីដ ១៩ ជាថ្មីនៅចិនទៀត។
បញ្ហាចំបងទាំងប៉ុន្មានខាងលើ បានធ្វើឲ្យមហាសេដ្ឋីរាប់រយនាក់ជួបការខាតបង់រាប់ពាន់លានដុល្លារ ហើយបើតាមស្ថិតិផ្ដល់ឲ្យដោយ Forbes បានទម្លាយថា តែក្នុងឆ្នាំ ២០២២ នេះ មហាសេដ្ឋីទូទាំងពិភពលោក របូតលុយអស់ប្រហែល ១,៩ ទ្រីលានដុល្លារ។
ប្រភពដដែលបន្ថែមទៀតថា គិតតាំងពីដើមឆ្នាំ រហូតដល់ថ្ងៃទី ០៩ ធ្នូ ទំហំទ្រព្យសម្បត្តិសរុបរបស់ពួកគេ ធ្លាក់ពី ១៣,៨ ទ្រីលានដុល្លារ មកនៅត្រឹម ១១,៩ ទ្រីលានដុល្លារ ខណៈចំនួនមហាសេដ្ឋីថយពី ២ ៦៧១ នាក់ មកនៅត្រឹម ២ ៥២៣ នាក់ប៉ុណ្ណោះ។
ក្នុងចំណោមមហាសេដ្ឋីជាង ២ នាក់ អ្នកដែលខាតបង់ខ្លាំងបំផុត គឺមហាសេដ្ឋីមានបំផុត ៣០០ នាក់ ដែលទ្រព្យសម្បត្តិរបស់ពួកគេ ខាតបង់ច្រើនជាង ១ ទ្រីលានដុល្លារឯណោះក្នុងឆ្នាំ ២០២២ ខណៈមហាសេដ្ឋីថយទ្រព្យច្រើនបំផុតគឺ Elon Musk ដែលរបូតលុយអស់ច្រើនជាង ១១៥ ពាន់លានដុល្លារ៕