នាព្រឹកថ្ងៃទី ២១ ខែធ្នូនេះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលបានប្រព្រឹត្តអស់រយៈពេល៣ថ្ងៃ (ទី១៩ ដល់ ២១) ខែតុលា ឆ្នាំ២០២២ ។
កិច្ចចរចារនេះ ធ្វើឡើងដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា ជាមួយឯកឧត្តម ជូម៉ា អាល់កេត អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាភាគីអេមីរ៉ាតអារ៉ាប់រួម ក្នុងការពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចរចា និងប្រកាសបិទបញ្ចប់ជាផ្លូវការនៃការចរចាជុំទី២នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាព និងដំណើរការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានផ្លែផ្កាគួរជាទីសោមនស្សរីករាយ ដោយឈរលើមាគ៌ាផលប្រយោជន៍រួមនិងបំពេញឲ្យគ្នាទៅវិញទៅមក រួមទាំងអនុលោមតាមបញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ។ ជាពិសេសនោះ ដោះស្រាយរាល់ចំណុចដែលមិនទាន់មានការឯកភាពគ្នាទាំងស្រុង ដើម្បីឱ្យកិច្ចព្រមព្រៀង CAM-UAE CEPA មានលក្ខណៈស៊ីជម្រៅ តែគិតគូរទៅមុខវែងឆ្ងាយ និងមានភាពបត់បែនឆ្ពោះទៅរកជំហររួម និងអត្ថប្រយោជន៍រួម នឹងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញការតភ្ជាប់ពីតំបន់ទៅតំបន់ជាពិសេសគឺរវាងអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា ឱ្យកាន់តែល្អប្រសើរថែមទៀត។
លើសពីនេះ ភាគីទាំងពីរក៏បានបន្តធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិលើគ្រប់វិស័យជាសារវ័ន្ត ដូចជា៖ ពាណិជ្ជកម្មនិងវិនិយោគ សេវាកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ កសិកម្ម ពាណិជ្ជកម្មឌីជីថល អប់រំ ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា ដែលសុទ្ធសឹងជាធាតុសំខាន់ៗបម្រើដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។
សូមបញ្ជាក់ផងដែរថា អាមីរ៉ាតអារ៉ាប់រួម នឹងត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំការចរចាជុំទី៣ ក្នុងឆ្នាំ២០២៣ខាងមុខនេះផងដែរ៕