រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងាររបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា នៅថ្ងៃទី ២២ខែធ្នូ ឆ្នាំ ២០២២នេះ បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានដែលគិតជាទឹកប្រាក់សរុបប្រមាណជាង ៣៨៣លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍លើវិស័យអាទិភាពសំខាន់ៗមួយចំនួននៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ គឺសម្រាប់សហប្រតិបត្តិការលើគម្រោងកម្មវិធីចំនួន៦ ដែលមានទឹកប្រាក់សរុបចំនួន ៣៨១,៤៥លានដុល្លារអាមេរិក និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន ១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុលា្លរអាមេរិក ក៏ត្រូវបានចុះហត្ថលេខា សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពល ក្នុងនោះរួមមាន៖ ១.កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល ២.គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព ៣.គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ ៤.គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ ៥.កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង និងទី៦.គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា។
គួរបញ្ជាក់ដែរថា ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នាទីស្តីការក្រសួងសេដ្ឋកិច្ច ដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ,ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា, នាយកស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា និងនាយកស្ថានតំណាងរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា។
បើតាម ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការ ADB ដែលបាន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៧៧ប៊ីលានដុល្លារអាមរិក ដែលក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ប៊ីលានដុល្លារអាមេរិក សម្រាប់អនវុត្តគម្រោង/កម្មវិធីចំនួន ១៣០ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨,៤៥លានដុល្លារអាមរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៦៩។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB និង AFD ដែលបាន និងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កម្ពុជា និងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ រង្សី