អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានសហការរៀបចំវេទិកាគយកម្ពុជាលើកទី២ ដើម្បីបញ្ជ្រាបការយល់ដឹងពីវឌ្ឍនភាពថ្មីៗនៃការងារគយនិងរដ្ឋាករកម្ពុជា ជាពិសេសការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ និងការជំរុញអភិបាលកិច្ចនិងការកែលម្អការផ្តល់សេវាជាដើម។
វេទិកានេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។
នាឱកាសនោះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា វេទិកាគយលើកទី២ ដែលបានរៀបចំឡើងនៅថ្ងៃនេះ ជាផ្នែកមួយនៃការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ហើយជាលទ្ធផលនៃកិច្ចប្រជុំជាបន្តបន្ទាប់ក្រោមយន្តការនេះ បរិយាកាសធុរកិច្ចពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាត្រូវបានលើកកម្ពស់និងកែលម្អកាន់តែល្អប្រសើរជាលំដាប់ ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
អ្នកឧកញ៉ា បន្តថា ក្នុងនោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខ និងឆ្លើយតបបានទាន់ពេលវេលានូវរាល់សំណូមពរចាំបាច់របស់វិស័យឯកជន ពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសក្នុងបរិការណ៍ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលមានភាពរអាក់រអួលដោយសារវិបត្តិផ្សេងៗកន្លងមក។
ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងដែរថា សារសំខាន់នៃវេទិកាថ្ងៃនេះ ថាជាផ្នែកមួយនៃការខិតខំបញ្ជ្រាបការយល់ដឹងដល់សាធារណជន ពិសេសធុរជនពាក់ព័ន្ធ ស្ដីពីច្បាប់ បទប្បញ្ញត្តិការងារបច្ចេកទេសគយ និងនីតិវិធីគយសំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងពង្រឹងអនុលោមភាព ក៏ដូចជាកែលម្អវប្បធម៌សារពើពន្ធនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន។
គួរបញ្ជាក់ដែរថា តាមរយៈវេទិកាគយលើកទី២នេះដែរ មន្ត្រីជំនាញមកពី អគរ ក៏បានធ្វើបទបង្ហាញលើប្រធានបទពាក់ព័ន្ធនឹងការងារគយមួយចំនួនរួមមាន ការអនុវត្តនីតិវិធីបំពេញបែបបទមុនពេលទំនិញមកដល់, ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន, ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាតនិងធុរជនល្អបំផុត, ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាលើការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលគយ, ការងារបច្ចេកទេសគយ និងសវនកម្មគយជាដើម។
បន្ទាប់មក វេទិកាក៏បើកឱ្យមានកិច្ចពិភាក្សាពីបញ្ហាប្រឈម និងការលើកឡើងនូវសំណូមពរមួយចំនួន ព្រមទាំងសំណួរ-ចម្លើយពីបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម ប្រតិបត្តិការគយនិងរដ្ឋាករ ការបំពេញបែបបទគយ ការផ្តល់សេវា ការពង្រឹងអនុលោមភាព និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិនានា ជាធរមានផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពី ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕