កម្ពុជា-អូស្ត្រាលី ប្តេជ្ញាចិត្តពង្រឹង ពង្រីក នឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-អូស្រ្តាលី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របពេលដែល​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ ក្នុង​រយៈ​ពេល ៧ ​ខែ​ដើម​ឆ្នាំ​ ២០២២ ​កើន​ជាង ១២៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់របស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក PABLO Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលនឹងចប់អាណត្តិ ដើម្បីសម្ដែងការគួរសមនិងជម្រាបលា កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញ។

ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីសម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងការឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តីក៏បានបង្ហាញក្តីសង្ឃឹមថា អូស្រ្តាលី នឹងបន្តការគាំទ្រនៅក្នុង វិស័យគាំទ្រលើការងារកិច្ចប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ផងដែរ។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ ក៏បានស្វាគមន៍ចំពោះការសម្រេចបានជាដុំកំភួន នូវការចរចាដំទ្បើងកម្រិតនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ដែលជាសមិទ្ធផល អាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

សូមជម្រាបជូនថា ទិន្នន័យ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា-ខែ​កក្កដា ឆ្នាំ​ ២០២២ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-អូស្ត្រាលី មាន​ទឹក​​ប្រាក់​សរុប ៣២០,២១​លាន​ដុល្លារ​កើនឡើង ១២៧,១​ភាគ​រយ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ​២០២១ ដែល​មាន​ចំនួន ១៤១ លាន​ដុល្លារ។ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​​ទៅ​ប្រទេស​អូស្រ្តាលី មាន​ ២២២,៥ ​លាន​ដុល្លារ កើន​ ១៩២,៤ ​ភាគរយ និង​ទំនិញ​នាំចូល​ពី​អូស្រ្តាលី​ មាន​ ៩៧,៧ ​លាន​ដុល្លារ កើន​ឡើង ៥០,៦ ​ភាគរយ។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​រវាង​កម្ពុជា-អូស្រ្តាលី កាល​ពី​ឆ្នាំ​ ២០២១ មាន​ទឹក​ប្រាក់​សរុប ៣២៤ ​លានដុលា្លរ កើន ៥២ ​ភាគរយ​​បើ​ធៀប​នឹងឆ្នាំ ២០២០៕​