មេធំ Tencent កោះហៅបុគ្គលិកមកដុះក្អែលចេញ ស្របពេលក្រុមហ៊ុនចាប់ផ្ដើមមានបញ្ហា

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មេធំ​ក្រុមហ៊ុន Tencent Holdings មហាសេដ្ឋី Pony Ma បាន​ប្រកាស​ហៅ​បុគ្គលិក​ជាន់ខ្ពស់​ជាច្រើន​នាក់មកដុះក្អែលចេញ​ម្ដង ក្រោយ​ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុគ្គលិក​ម្នាក់​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​មានរយៈពេលជាង ១០ នាទី បានទម្លាយថា សហស្ថាបនិក​ក្រុមហ៊ុន​មាន​ការ​ខឹងសម្បារ​ជាខ្លាំង ជាមួយ​បុគ្គលិក​ជាន់ខ្ពស់​ជាច្រើន​រូប ដែល​មិនគោរព​តួនាទី និង​លួចកិបកេង​ផលប្រយោជន៍ ស្របពេល​ផ្នែក​ខ្លះ​នៃ Tencent កំពុង​ប្រឈម​នឹង​ការ​បិទទ្វារ។ នេះ​បើតាម​ការ​ចុះផ្សាយពី​ The Business Times។

ប្រភពដដែល​ថែមទាំង​បាន​ដកស្រង់​សម្ដី​ដែល​មហាសេដ្ឋី​ Pony Ma និយាយ​ថា៖ “​អ្នកឯង​មិន​ទាំង​ដឹងច្បាស់​ថា អាជីវកម្មមួយនេះ​អាច​ដើរ​បាន​ដល់​ពេលណាផង ប៉ុន្តែ​បែរជា​មាន​ពេល​ទៅទាត់បាល់​នៅចុងសប្ដាហ៍​យ៉ាង​រំភើយ”។

សូមជម្រាបដែរថា ក្រុមហ៊ុន Tencent កំពុង​មាន​បញ្ហា​ផ្ទៃក្នុង ខណៈ​ចំណូល​របស់​ក្រុមហ៊ុន​ក៏​កំពុង​ថយចុះ​ឥតស្រាកស្រាន្ត​មួយ​រយៈកាលចុងក្រោយ បន្ទាប់​ពី​មានការ​បង្ក្រាប​ការ​ធ្វើពាណិជ្ជកម្ម​អនឡាញ​ ពី​សំណាក់​រដ្ឋាភិបាល ស្របពេល​សេដ្ឋកិច្ច​សកល​ក៏​រាង​យ៉ាប់យ៉ឹន គួបផ្សំ​នឹង​ការ​ផ្ទុះ​កូវីដ ១៩ នៅចិន​ជាថ្មី​ទៀត។

កត្តានេះ​បាន​ជម្រុញ​ឲ្យ​ Tencent បង្ខំចិត្ត​បញ្ឈប់​បុគ្គលិក​រាប់ពាន់​នាក់​ក្នុង​ឆ្នាំ​នេះ ដែល​ធ្វើឲ្យ​កម្លាំងពលកម្ម​របស់​ក្រុមហ៊ុន​ធ្លាក់ចុះ​មិនធ្លាប់​មាន​ក្នុង​រយៈពេល​ជិត ១ ទសវត្សចុងក្រោយ៕