ប្រទេសម៉ាឡេស៊ី គឺជាអ្នកផលិតប្រេងដូងធំបំផុតទី ២ លើលោក ហើយថ្មីៗនេះពួកគេបានថ្កោលទោសអឺរ៉ុបថា ចេញច្បាប់ការពារការកាប់បំផ្លាញព្រៃឈើ ដើម្បីរារាំងសក្ដានុពលនៃទីផ្សារប្រេងដូងរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពី CNA។
កាលពីដើមខែនេះ សហភាពអឺរ៉ុបបានយល់ព្រមលើច្បាប់ថ្មីមួយ ដែលតម្រូវឱ្យក្រុមហ៊ុននានា បង្កើតសេចក្តីថ្លែងការណ៍ ប្រកបដោយការប្រុងប្រយ័ត្ន និងបង្ហាញថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ មិនរួមចំណែកដល់ការបំផ្លាញព្រៃឈើ បើមិនដូច្នោះនឹងរងការផាកពិន័យធ្ងន់ធ្ងរ។
បទប្បញ្ញត្តិមួយនេះ ក៏នឹងអនុវត្តចំពោះផលិតផលដូចជា សណ្តែកសៀង សាច់គោ ប្រេងដូង ឈើ កាកាវ និងកាហ្វេជាដើម។
“បទប្បញ្ញត្តិផលិតផលគ្មានការកាប់បំផ្លាញព្រៃឈើ គឺជាទង្វើដោយចេតនារបស់អ៊ឺរ៉ុប ដើម្បីទប់ស្កាត់ការចូលទីផ្សារ បង្កផលប៉ះពាល់ដល់កសិករខ្នាតតូច និងការពារទីផ្សារគ្រាប់ពូជប្រេងក្នុងស្រុកដែលមិនមានប្រសិទ្ធភាព និងមិនអាចប្រកួតប្រជែងជាមួយតម្លៃប្រេងដូងបាន”។ នេះបើតាមសម្ដីរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទំនិញរបស់ប្រទេសម៉ាឡេស៊ី Fadillah Yusof បាននិយាយ។
សូមជម្រាបដែរថា ប្រេងដូងគឺជាវត្ថុធាតុដើមមួយដែលមានតម្លៃធូរថ្លៃ សម្រាប់យកមកប្រើប្រាស់បានទាំងការធ្វើនំ គ្រឿងសំអាង និងសូម្បីតែប្រេងឥន្ធនៈ ប៉ុន្តែក្រុមអ្នកកាពារបរិស្ថានបានថ្កោលទោសថា ដំណាំប្រភេទនេះបណ្ដាលឲ្យមានការកាប់ព្រៃឈើយ៉ាងរង្គាល។
យ៉ាងណា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសម៉ាឡេស៊ី Michalis Rokas បានចេញមុខច្រានចោលព័ត៌មានខាងលើ ដោយបានអះអាងថា ការរារាំងទីផ្សារប្រេងដូងជាទង្វើរបស់ EU មិនមែនជាការពិតឡើយ៕