លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន Sam SN Realty បានព្យាករថា នៅឆ្នាំ២០២៣ ខាងមុខនេះ វិស័យអចលនទ្រព្យកម្ពុជា នឹងជួបការលំបាកជាងឆ្នាំ២០២២ ទៅទៀត បើទោះបីជាស្ថានភាពនៃការរីករាលដាលកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន អាចនឹងមានភាពធូរស្រាលជាងឆ្នាំ២០២២ ក៏ដោយ។
លោកឧកញ៉ា សំ សុខនឿន បានលើកឡើងថា តាមពិតទៅវិស័យអចលនទ្រព្យកម្ពុជាបានទទួលរងផលប៉ះពាល់តាំងពីមុនវត្តមានរបស់ជំងឺកូវីដ ១៩ ទៅទៀត គឺនៅក្នុងឆ្នាំ ២០១៩ នៅពេលដែលរាជរដ្ឋាភិបាលសម្រេចលុបបំបាត់ Game Online ពីទឹកដីរបស់កម្ពុជា ដែលធ្វើឱ្យវិនិយោគិនបរទេសលើទីផ្សារល្បែងអនឡាញ ភាគច្រើនជាវិនិយោគិនចិន និងមានទីតាំងក្នុងខេត្តព្រះសីហនុ នាំគ្នាចាកចេញពីកម្ពុជា ដែលធ្វើឱ្យសកម្មភាពទិញ-លក់-ជួល និងគម្រោងសាងសង់ជាច្រើនត្រូវគាំងមកដល់ពេលនេះ។
បន្ថែមលើនេះវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ នាចុងឆ្នាំ ២០១៩ ក៏បានបន្ថែមទម្ងន់មួយកម្រិតទៅទៀតដល់ទីផ្សារអចលនទ្រព្យកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល តាមរយៈការដាក់ចេញនូវវិធានការបិទខ្ទប់របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ និងការលុបចោលជើងហោះហើរ ដែលធ្វើឱ្យចរន្តធ្វើដំណើររបស់ភ្ញៀវ និងវិនិយោគិនអន្តរជាតិធ្លាក់ចុះដល់សូន្យ។
យ៉ាងណាមិញ បើគិតចាប់ពីឆ្នាំ ២០១៩ ដល់ដើមឆ្នាំ ២០២១ យើងឃើញថា ទោះជាមិនសូវមានការវិនិយោគរបស់ជនបរទេស ប៉ុន្តែទីផ្សារអចលនទ្រព្យកម្ពុជា គឺនៅមានតម្រូវការទិញ-លក់ច្រើន ព្រោះវិនិយោគិនក្នុងស្រុកនៅមានប្រាក់សម្រាប់បន្តអនុវត្តគម្រោងរបស់ខ្លួន ហើយអតិថិជនក្នុងស្រុកក៏នៅមានធនធានសម្រាប់ទិញអចលនទ្រព្យ ពិសេសសំណង់លំនៅឋាន គ្រាន់តែមិនពុះកញ្ជ្រោលខ្លាំងដូចមុនអំឡុងឆ្នាំ ២០១៩។
ទោះយ៉ាងណា ចាប់ពីពាក់កណ្តាលឆ្នាំ ២០២១ រហូតមកដល់ចុងឆ្នាំ ២០២២ នេះ យើងសង្កេតឃើញថា វិស័យអចលនទ្រព្យកម្ពុជាបានបន្តធ្លាក់ចុះខ្លាំងបន្ថែមទៀត ទោះបីកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសដែលធ្វើការងារបានល្អបំផុតលើការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩។ ចំណុចនេះ លោកឧកញ៉ាគិតថាគឺបណ្តាលមកពីកត្តាចម្បងចំនួន ២ គឺការធ្លាក់ចុះនូវធនធានសម្រាប់ទិញ-លក់ របស់ប្រជាជនក្នុងស្រុក និងឥទ្ធិពលនៃវិបត្តិសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ យើងអាចលើកឧទាហរណ៍ថា ចាប់ពីឆ្នាំ ២០១៩ មក គឺយើងមានអ្នកឈឺនៅផ្ទះ ប៉ុន្តែយើងមានលទ្ធភាពព្យាបាល ប៉ុន្តែចាប់ពីពាក់កណ្តាលឆ្នាំ ២០២១ មក គឺលទ្ធភាពនៃការព្យាបាលការបញ្ចេញប្រាក់មានកាន់តែតិច។
ចំពោះការយល់ឃើញនៅឆ្នាំ២០២៣វិញ លោកឧកញ៉ា សំ សុខនឿន គិតថាវិស័យអចលនទ្រព្យកម្ពុជានឹងជួបការលំបាកជាងឆ្នាំ ២០២២ បើទោះបីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន អាចនឹងមានភាពធូរស្រាលជាងឆ្នាំ ២០២២ ក៏ដោយ។ ទោះយ៉ាងណា លោកគិតថា រដ្ឋាភិបាលកំពុងដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាច្រើនដើម្បីទាក់ទាញវិនិយោគិនបរទេស និងទេសចរឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ នៅពេលសេដ្ឋកិច្ចក្នុងប្រទេសមានដំណើរការល្អ វានឹងជួយឱ្យទីផ្សារអចលនទ្រព្យមានចលនាឡើងវិញទៅតាមនោះដែរ៕