អ្នកឧកញ៉ា ទ្រី ភាព ទទួលបានសិទ្ធិវិនិយោគលើគម្រោងអភិវឌ្ឍន៍កោះសំខាន់ៗចំនួន២ ពីរដ្ឋាភិបាល

ជុំវិញ​ឧកញ៉ា

គិតមកដល់ពេលនេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ទ្រី ភាព (TRY PHEAP KOH TUNSAY RESORTS CO., LTD) ដើម្បីអភិវឌ្ឍន៍កោះចំនួន២ ​ដែលមានទីតាំងនៅខេត្តកែប។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះចំនួន២ ​ដែលមានទីតាំងនៅខេត្តកែបនោះគឺ៖
១. TRY PHEAP KOH TUNSAY RESORTS CO., LTD ទទួលបានសិទ្ធិវិនិយោគលើគម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន១៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១០៥កន្លែង។
កោះត្បាល់ ជាកោះធម្មជាតិមួយមានទំហំប្រហែលជាង ១០ ហិចតា មានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ពីក្រុងកែប និង ធ្វើដំណើរតាមទូកប្រមាណពី ៣៥-៤៥នាទី។

បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​វិនិយោគ​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុន​ TRY PHEAP KOH TUNSAY RESORTS CO., LTD របស់​អ្នក​ឧកញ៉ា ទ្រី ភាពនេះដែរ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ក្រុមការងារ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុម​ការងារ​គណៈ​​កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង​មន្ត្រី​របស់​រដ្ឋបាល​ខេត្ត​កែប ​​ក៏បាន​ចុះ​​​ទៅ​ពិនិត្យមើលស្ថានភាព​​​កោះត្បាល់នេះផងដែរ។

សូមរម្លឹកដែរថា កាលពីឆ្នាំ ២០០៩ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុនវិនិយោគចំនួនពីរនៅលើកោះទន្សាយ ក៏ប៉ុន្តែនៅឆ្នាំ ២០១៨ រាជរដ្ឋាភិបាលក៏សម្រេចដកសិទ្ធិវិនិយោគមកវិញ ក្រោមហេតុផលថា ក្រុមហ៊ុនទាំងនេះ មិនធ្វើការអភិវឌ្ឍអ្វីទាល់តែសោះ ដោយប្រគល់ទៅឱ្យក្រុមហ៊ុន ទ្រីភាព កោះទន្សាយរីស៊ត ធ្វើការអភិវឌ្ឍជំនួសវិញ នៅឆ្នាំ ២០១៩កន្លងទៅ។

យ៉ាងណាមិញ កោះត្បាល់ ដែលនៅជាប់នឹងកោះទន្សាយ បច្ចុប្បន្នកោះទាំងពីរនេះ គឺកំពុងស្ថិតក្នុងគម្រោង​អភិវឌ្ឍន៍របស់ក្រុមហ៊ុន ទ្រី ភាព ផងដែរ ដោយមានចម្ងាយពីគ្នា តែ ១,៥ គីឡូម៉ែត្រប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ទ្រី ភាព ត្រូវបានគេដឹងថាជាពាណិជ្ជករកំពុងឈរជើងចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងទឹកដីខេត្តកែប ខណៈដែលកន្លងទៅរាជរដ្ឋាភិបាលសម្រេចផ្តល់ការអនុញ្ញាតិឲ្យធ្វើការអភិវឌ្ឍន៍នៅតាមបណ្តាកោះជាច្រើនកន្លែងរួចមកហើយ៕ អត្ថបទ៖ រង្សី