សម្តេចតេជោ ហ៊ុន សែន បញ្ចេញថ្វីដៃ លើទីលានវាយកូនគោលរបស់អ្នកឧកញ៉ា សំ អាង

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃសៅរ៍​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញបើកការ​ប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» និង​បាន​បញ្ចេញ​ថ្វី​ដៃ​វាយ​កូនគោល​ នៅ​លើ​ទីលាន​វាយកូនគោល វឌ្ឍនៈ ហ្គោលរីសត របស់​អ្នកឧកញ៉ា សំ អាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការ​បិទ​បញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២២នេះ មានរយៈពេល ២៤ឆ្នាំហើយ។

សម្រាប់​ការប្រកួតនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុបប្រមាណ ១៧២រូប។ ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរស និងនារី។ ការប្រកួតជាក្រុមមាន​កីឡាករសរុប ១០២រូប, ប្រកួតឯកត្តជនជាបុរសមានចំនួន ៥២រូប និងប្រកួតឯកត្តជនជានារីមាន ២០រូប។ ការប្រកួតនេះបាន​ធ្វើឡើងពេញមួយព្រឹក រួមជាមួយការពិសារអាហាសាមគ្គីផងដែរ។

សូម​ជម្រាប​ជូន​ថា វឌ្ឍនៈ ហ្គោលរីសត គឺជារមណីយដ្ឋានវាយកូនហ្គោលដ៏ប្រណិត​លំដាប់​ពិភពលោក ដែល​មាន​ទីតាំង​ស្ថិត​នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វឌ្ឍនៈហ្គោលរីស៊ត (Vattanac Golf Resort) របស់​អ្នកឧកញ៉ា សំ អាង ​​​បាន​បើក​ដំណើរ​ការ កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៩។ ទីលាន​វឌ្ឍនៈ ហ្គោល​រីស៊ត បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ ​​ជា​រីសត​​វាយ​កូនគោល​ល្អបំផុត នៅ​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំ​ឆ្នាំ​២០២២ និង​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ​​ជា​ទីលាន​​កូន​គោល​ល្អ​បំផុត​នៅ​កម្ពុជា ​​៣​ឆ្នាំ​ជាប់ៗ​គ្នា នៅ​ឆ្នាំ​២០២០, ២០២១ និង​ឆ្នាំ​២០២២៕