សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវប្រជាកសិករជួយពង្រឹងតម្លៃលក់ឡើងវិញ ក្រុមហ៊ុន និង កសិដ្ឋានកំពុងព្យាយាមរកដំណោះស្រាយក្នុងការទាញតម្លៃឱ្យល្អប្រសើរឡើងវិញ។
បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី ២៦ ខែ ធ្នូម្សិលមិញ បានបញ្ជាក់តម្លៃជ្រូករស់លក់មុខកសិដ្ឋាន) សប្តាហ៍ទី ៥៣ ឆ្នាំ ២០២២ រួមមាន តំបន់ ភ្នំពេញ-កណ្តាល តម្លៃ ៧,៨០០រៀល/គីឡូ។ និរតី ខេត្តកំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ កោះកុង តម្លៃ ៧,៨០០រៀល/គីឡូ ។
តំបន់ បស្ចិម ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន តម្លៃ ៧,៨០០រៀល/គីឡូ។ តំបន់ ពាយ័ព្យ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ តម្លៃ ៧,៤០០រៀល/គីឡូ។
ដោយឡែក តំបន់ឦសាន ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី តម្លៃ ៧,៨០០រៀល/គីឡូ តំបន់អាគ្នេយ៍ ខេត្តកំពង់ចាម ត្បូងឃុំ ព្រៃវែង ស្វាយរៀង តម្លៃ ៧,៦០០រៀល/គីឡូ។
សូមជម្រាបថា ថ្មីៗនេះក្រសួងចំនួន៣គឺក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សា និងរកដំណោះស្រាយបញ្ហាតម្លៃសាច់សត្វដែលផលិតបាន លក់បានក្នុងតម្លៃថោក ជាពិសេសគឺសាច់ជ្រូក។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ បានឯកភាពគ្នាសម្រេចលើលទ្ធផល៤ចំណុចសំខាន់ៗ ដើម្បីដោះស្រាយ ដោយក្នុងនោះមានការស្នើដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កក ដោយខុសច្បាប់ជាដើម។
ជាមួយគ្នានេះ ក្រសួងទាំង៣ក៏ឯកភាពស្នើបង្កើតក្រុមការងារអ្នកច្បាប់ ដើម្បីពិភាក្សា ពិនិត្យមើលច្បាប់សុខភាពសត្វនិងផលិតកម្មសត្វ និងអនុក្រឹត្យលេខ១៧ ដើម្បីលើកសំណើ កែសម្រួលឬធ្វើវិសោធនកម្មដើម្បីឲ្យមានសង្គតភាពក្នុងការអនុវត្តស្របតាមការអនុវត្តក្នុងប្រទេសក៏ដូចជាមានសង្គតភាពជាមួយយន្តការដែលតម្រូវដោយតំបន់និងសាកល៕