កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ កូនប្រុសអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រីដ៍ គ្រុប (WorldBridge Group) បានចូលរោងពិធីចែចូវស្តីដណ្តឹងជាមួយនារីម្នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប។
ក្នុងសិរីមង្គលពិធីចូលចែចូវខាងលើនេះ កូនប្រុសអ្នកឧកញ៉ា សៀ ឫទ្ធី មានឈ្មោះថា សៀ ដានីញ៉ែល ជាគូនឹងកូនស្រីរបស់លោក ង៉ោ ហុង ដែលពិធីនេះត្រូវបានធ្វើឡើងនៅក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីចូលចែចូវនេះ មានការអញ្ជើញចូលរួមពី លោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាដើម។
រីឯអ្នកជំនួញធំវិញ គេក៏ឃើញមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមទាំងអ្នកមុខអ្នកការជាច្រើនរូបទៀតផងដែរ។
គួរបញ្ជាក់ថា អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានគេដឹងថាជាម្ចាស់គម្រោងធំៗមួយចំនួននៅកម្ពុជា ដូចជា អគារ The Peak ដែលស្ថិតនៅទល់មុខមាត់ទន្លេ ក្បែរស្ពាននាគកោះពេជ្រ ខណ្ឌចំការមន ជាអគារពាណិជ្ជកម្ម ដែលខ្ពស់ជាងគេចំនួន៣ នៅរាជធានីភ្នំពេញ មានកម្ពស់ជាង ២០០ម៉ែត្រ និងមាន ៥៥ជាន់ ដោយចំណាយទុនវិនិយោគប្រមាណ ៥៨០ លានដុល្លារ និងជាស្ថាបនិកគម្រោង WorldBridge Sport Village តម្លៃជាង ២០០លានដុល្លារ ដែលស្ថិតនៅជាប់កីឡដ្ឋានជាតិមរតកតេជោ៕