១១ខែតំបូង ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង មានទំហំជិត ១ ពាន់លានដុល្លារ

អន្តរជាតិ

យោងតាម​របាយការណ៍​ផ្ដល់​ឲ្យដោយ​សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ហៅកាត់ KITA បាន​បង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគី​រវាង​កម្ពុជា និងកូរ៉េខាងត្បូង​មាន ៩៦២ លាន​ដុល្លារ​ សម្រាប់​រយៈពេល ១១ ខែតំបូងឆ្នាំនេះ កើនឡើង​ពីឆ្នាំទៅ ១០,៦%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាបាន​នាំចេញទំនិញ​ទៅកាន់​ប្រទេសកូរ៉េខាងត្បូង​បាន ៣៧៣ លានដុល្លារ កើនឡើង ២១% និងបាននាំចូលទំនិញមកវិញ​ប្រមាណ ៥៨៩ លានដុល្លារ កើនឡើង ៥% បើធៀបនឹងឆ្នាំទៅ។

ទំនិញដែលកម្ពុជា​នាំចេញ​ជាចំបង​ទៅកាន់​កូរ៉េខាងត្បូងមានដូចជា ស្បែកជើង សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម។

ដោយឡែក សម្រាប់ទំនិញដែលកម្ពុជានាំចូលពីកូរ៉េខាងត្បូងវិញ​មាន​ដូចជា យានជំនិះ គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) បានចាប់ផ្តើមជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ពីរសប្តាហ៍បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២។

CKFTA ត្រូវបានគេរំពឹងថា នឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរខ្លាំង ដោយកូរ៉េខាងត្បូងយល់ព្រមដកពន្ធលើផលិតផល ៩៥,៦% ដែលនាំចូលពីកម្ពុជា ខណៈដែលកម្ពុជានឹងលុបចោលពន្ធលើទំនិញនាំចូល ៩៣,៨%៕