ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣.៨%។
ក្រសួងបានឱ្យដឹងបន្តថា ក្រសួងកំពុងបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិនទ្បើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាង០២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងថា ទោះបីជាស្ថានភាពទីផ្សារចិននៅមិនទាន់បង្ហាញសញ្ញានៃការងើបទ្បើងវិញនៅទ្បើយ ក្រសួងទេសចរណ៍នៅតែបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។
ជាមួយគ្នានេះ ក្រសួងក៏បានឱ្យដឹងបន្តថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣.៨% ដែលចំនួន ក្រសួងរំពឹងថា អាចជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា នាឆ្នាំ២០២៣ផងដែរ។
យ៉ាងណាមិញ ដើម្បីជំរុញកំណើនទេសចរចិនបន្ថែមទៀត ក្រសួងទេសចរណ៍ក៏លើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជាងនេះទៀត ក្រសួងទេសចរណ៍ ក៏បានអបអរសាទរអាជីវកម្មទេសចរណ៍ចំនួន១០ នៅកម្ពុជា ដែលទទួលបានការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិនផងដែរ៕