កាលពីថ្ងៃទី ២៦ ធ្នូកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានទម្លាយថា លោកបានតេទូរស័ព្ទ ទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដើម្បីសុំឲ្យឥណ្ឌាចុះហត្ថលេខាលើ “សន្ធិសញ្ញាសន្តិភាព“ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា កិច្ចសន្ទនារវាងថ្នាក់ដឹកនាំអ៊ុយក្រែន និងឥណ្ឌាមិនបានបង្ហើបឲ្យដឹងលំអិតឡើយ ប៉ុន្តែលោក Zelenskyy ទំនងចង់ពន្លឿនកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ពីម្ចាស់ផ្ទះកិច្ចប្រជុំ G20 ដែលបច្ចុប្បន្នប្រកាន់ជំហអព្យាក្រឹត្យ ជុំវិញបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន។
“ខ្ញុំបាននិយាយទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រី Narendra Modi និងជូនពរឲ្យលោកជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20។ ខ្ញុំធ្លាប់បានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាព ១០ ចំណុច ហើយពេលនេះខ្ញុំសង្ឃឹមថា ឥណ្ឌានឹងចូលរួមអនុវត្តទាំងអស់គ្នា”។ នេះបើតាមការបង្ហោះសាររបស់ប្រធានាធិបតីអ៊ុយក្រែនលើបណ្ដាញសង្គម Twitter។
គួររំលឹកដែរថា លោក Zelenskyy បានបំផុសកិច្ចព្រមព្រៀងសន្តិភាព ១០ ចំណុចកាលពីខែមុន ហើយបានសុំឲ្យក្រុម G20 ចូលរួមអនុវត្ត ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយកិច្ចព្រមព្រៀងទាំង ១០ នោះមានដូចជា៖
1. សុវត្ថិភាពវិទ្យុសកម្ម និងនុយក្លេអ៊ែរ
2. សន្តិសុខស្បៀងអាហារ
3. សន្តិសុខថាមពល
4. ដោះលែងអ្នកទោស និងអ្នកនិរទេសទាំងអស់
5. ការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ
6. ការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនទាំងអស់
7. ការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មសង្គ្រាម
8. ការការពារបរិស្ថាន ការបញ្ឈប់ប្រព័ន្ធអេកូឡូស៊ីរបស់រុស្ស៊ីនៅអ៊ុយក្រែន
9. ស្ថាបត្យកម្មសុវត្ថិភាពថ្មី និងការធានាសុវត្ថិភាពសម្រាប់អ៊ុយក្រែន
10. ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព៕