រដ្ឋាភិបាលនេប៉ាល់ថ្មីដែលដឹកនាំដោយអតីតមេឧទ្ទាម Pushpa Kamal Dahal នឹងព្យាយាមស្វែងរកតុល្យភាពទំនាក់ទំនង ជាមួយនឹងប្រទេសជិតខាងដែលជាមហាអំណាចសេដ្ឋកិច្ចដូចជា ចិន និងឥណ្ឌា ក្នុងគោលបំណងបង្កើនកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពី CNA។
ប្រភពដដែលបន្ថែមថា នេប៉ាល់គឺ ជាប្រទេសមួយនៅអាស៊ីខាងត្បូង ដែលឥណ្ឌា និងចិនកំពុងព្យាយាមជះឥទ្ធិពលទៅលើ ជាពិសេសគឺឥណ្ឌាដែលមានទំនាក់ទំនងយ៉ាងស្អិតរមួត ផ្នែកសាសនា និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់នេប៉ាល់។
តួយ៉ាង រដ្ឋាភិបាលក្រុងប៉េកាំង និង New Delhi ធ្លាប់បានចាក់លុយរាប់ពាន់លានដុល្លារ សម្រាប់ការវិនិយោគនៅក្នុងប្រទេសនេប៉ាល់ ដែលជាសំបូរទៅដោយធនធានធម្មជាតិ ក្នុងការផលិតថាមពលវារីអគ្គិសនី។
សូមជម្រាបដែរថា អត្រាអតិផរណានៅនេប៉ាល់បានកើនឡើងខ្ពស់ជាង ៨% ជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ ហើយក៏ប្រឈមនឹងការថយចុះ នៃទុនបំរុងប្តូរប្រាក់បរទេសផងដែរ ជាមួយនឹងការបង្កើនការពឹងផ្អែកលើការនាំចូលទំនិញជាមូលដ្ឋាន៕