គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តចេញវិញ្ញាបនបត្រទៅឱ្យក្រុមហ៊ុនចំនួន៤ ដើម្បីវិនិយោគក្នុងទំហំសាច់ប្រាក់ប្រមាណ ១៦,៣លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ៤ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ម្សិលមិញ។
គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះរួមមានៈ
១/ “QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់ មានទីតាំងវិនិយោគស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២/ “CHUANGJU PLASTICS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់ មានទីតាំងវិនិយោគស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៣/ “TB PACKAGING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើពីក្រដាស ក្នុងទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០នាក់ មានទីតាំងវិនិយោគស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៤/ “VP PRINTING AND PACKAGING CO., LTD.” គម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ ក្នុងទុនវិនិយោគប្រមាណ ១,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៦០នាក់ មានទីតាំងវិនិយោគស្ថិតនៅក្នុងរ៉ូលយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ។
គួររម្លឹកបន្តិចថា គម្រោងបង្កើតរោងចក្រទាំងបួននេះ អាចបង្កើតកន្លែង និងជួយសម្រួលការងារដល់កម្មករសរុបប្រមាណ ៧៤០កន្លែងផងដែរ៕