មហាសេដ្ឋី Elon Musk បានប្រកាសកាលពីសប្ដាហ៍មុនថា លោកនឹងផ្អាកលក់ភាគហ៊ុន Tesla រហូតដល់រយៈពេល ២ ឆ្នាំ បើទោះជាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ នេះបើតាមការចុះផ្សាយពី SCMP។
“ខ្ញុំនឹងមិនលក់ភាគហ៊ុនចាប់ពីពេលនេះ រហូតដល់ប្រហែល ២ ឆ្នាំ ហើយសម្រាប់ឆ្នាំក្រោយ ទោះបីជាស្ថិតក្នុងកាលៈទេសៈបែបណា ក៏ខ្ញុំនឹងមិនលក់ដែរ ហើយវាក៏ដូចជាសម្រាប់ឆ្នាំបន្ទាប់”។ នេះបើតាមការអះអាងរបស់ Elon Musk លើបណ្ដាញសង្គម Twitter។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីលោកទើបនឹងលក់ភាគហ៊ុនប្រហែល ២២ លានហ៊ុន បានលុយជាង ៣,៦ ពាន់លានដុល្លារកាលពីពាក់កណ្ដាលខែធ្នូ ហើយបើសរុបទឹកប្រាក់ដែលលោកបានលក់ភាគហ៊ុន Tesla តាំងពីចុងឆ្នាំមុន មកទល់ពេលនេះគឺមានរហូតជិត ៤០ ពាន់លានដុល្លារឯណោះ។
សូមជម្រាបដែរថា បើទោះបីជាអតីតមហាសេដ្ឋីមានបំផុតលើលោក លក់ភាគហ៊ុនបានជិត ៤០ ពាន់លានដុល្លារក្ដី ប៉ុន្តែ Elon Musk នៅតែជាម្ចាស់ភាគហ៊ុនធំបំផុតមួយរូបនៅ Tesla ជាមួយនឹងភាគហ៊ុនសេសសល់ ១៣,៤%៕