ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញបញ្ជាឲ្យផ្អាកការនាំចេញអង្ករសនិងស្រូវ តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូបរហូតដល់មានបទបញ្ជាជាថ្មី ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលកម្ពុជាកំពុងរង់គ្រោះដោយសារវីរ៉ុស Covid 19។ សម្តេចអះអាងថា បំរាមនេះ នឹងត្រូវចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី៥ខែមេសា ឆ្នាំ២០២០នេះតទៅ។
ការលើកឡើងពីប្រមុខរដ្ឋាភិបាលនាពេលនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារ បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
នាឪកាសនោះ សម្ដេចបញ្ជាក់ថា “យើងនឹងហាមឃាត់ការនាំចេញអង្ករសនិងស្រូវ ដោយភាគច្រើនយើងនាំចេញទៅកាន់ប្រទេសជិតខាង គឺនាំទៅវៀតណាម និងថៃ។ អីចឹង! ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក យើងត្រូវរក្សាទុកនូវស្រូវទាំងនេះ អង្ករសទាំងនេះ ប៉ុន្តែយើងអនុវត្តឲ្យនាំចេញអង្ករក្រអូប ដោយសារក្រអូបមិនមានចំនួនច្រើនទេ ហើយក៏មិនមានតម្រូវការប្រើប្រាសក្នុងស្រុកច្រើនដែរ។ ដោយសារតែប្រជាជនយើងភាគច្រើនប្រើតែអង្ករធម្មតា ខុសពីអង្ករលេខ១ ដែលជាអង្ករក្រអូបនាំទៅកាន់ទីផ្សារអឺរ៉ុប នាំទៅកាន់ទីផ្សារចិន និងនាំទៅកាន់ទីផ្សារប្រទេសមួយចំនួនផ្សេងទៀត។”
គួសបញ្ជាក់ថា ពាក់ព័ន្ធនឹងរឿងស្រូវអង្កនេះដែរ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដោយបញ្ជាក់ថា ដោយសារការផ្សព្វផ្សាយព័ត៌មានមួយចំនួន ពីការឆ្លងរាតត្បាតនៃជំងឺឆ្លង កូវីដ១៩ (COVID-19) បានបន្តកើនឡើងក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឱ្យមានក្តីបារម្ភ ដល់ប្រជាជនកម្ពុជាយើង ដែលអាចជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសគឺថ្លៃអង្ករ។
ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា នៅទូទាំងប្រទេសលើទីតាំងចំនួនជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញ ស្របពេលដែលការប្រមូលផលស្រូវប្រាំង ២០១៩-២០២០ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ គឺបាននឹងកំពុងច្រូតកាត់បានជាង៨០% ស្មើនឹងជាង ២.៣លានតោនស្រូវ ហើយតំបន់មួយចំនួន គឺចាប់ផ្តើមធ្វើការដាំដុះជាបន្តទៀត៕
អត្ថបទ៖ សិរីកា