កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានបង្ហើបថា ទំហំពាណិជ្ជកម្មឆ្នាំនេះ អាចកើនឡើងដល់ ៧៣២ ពាន់លានដុល្លារ ជាចំណុចខ្ពស់បំផុតមិនធ្លាប់មាន។
យោងតាមការចុះផ្សាយពី VNEXPRESS បានឲ្យដឹងថា ការនាំចេញរបស់វៀតណាមត្រូវបានរំពឹងថា អាចកើនដល់ ៣៧១,៥ ពាន់លានដុល្លារ កើនឡើងពីឆ្នាំទៅ ១០,៥% ខណៈការនាំចូលអាចមាន ៣៦០,៥ ពាន់លានដុល្លារ កើនឡើង ៨,៥%។
បើសិនជាទិន្នន័យខាងលើ លេចចេញជារូបរាងដូចការរំពឹងទុក នោះវៀតណាមមានអតិរេកពាណិជ្ជកម្មរហូតដល់ ៧ ឆ្នាំផ្ទួនៗ ហើយក្នុងឆ្នាំនេះគឺវៀតណាមនាំចេញទំនិញច្រើនជាង ការនាំចូលប្រមាណ ១១ ពាន់លានដុល្លារ។
សូមជម្រាបដែរថា កាលពីឆ្នាំ ២០២១ អង្គការពាណិជ្ជកម្មពិភពលោក WTO បានបង្ហាញរបាយការណ៍ថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ២៣ លើការនាំចេញ និងលេខ ២០ ក្នុងការនាំចូល ខណៈនៅអាស៊ានដែលមានសមាជិកទាំង ១០ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ តាមពីក្រោយប្រទេសសិង្ហបុរីតែប៉ុណ្ណោះ៕