សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេច បានថ្លែងថា បញ្ហាជម្លោះដីធ្លី គួរតែត្រូវដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺមានភាពងាយស្រួល តែបើចូលដល់តុលាការហើយ គឺមិនងាយស្រួលឡើយ មានតែការឈ្នះ និងចាញ់ ដែលការងារកែទម្រង់ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់។
សម្តេចតេជោ បានគូសបញ្ជាក់ថា «ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬការធ្វើកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដោយដាច់ដោយដុំក្ដី គឺហាក់ដូចជានៅទ្រឹង ឬធ្វើដែរក៏ប៉ុន្ដែធ្វើដោយមិនមានគេហៅថា មិនមានការជំរុញ គឺមិនមានសន្ទុះ ដែលធ្វើឲ្យប្រជាជនរង់ចាំរឿងនេះ»។
សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ព្រមទាំងអភិបាលខេត្តទាំងអស់ឱ្យពង្រឹងប្រសិទ្ធភាពការងារជំនាញរបស់ក្រសួងដែនដី មន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី យកចិត្តទុកដាក់ធ្វើរឿងនេះ ព្រោះរឿងនេះជារឿងចាំបាច់សម្រាប់ប្រជាជនរបស់យើង។ ជាសុវត្ថិភាព និងការកាន់កាប់ដីធ្លី ដើម្បីចៀសវាងការកើនឡើងនូវបញ្ហានានាជាបន្តទៀត៕