លោកឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីពេលចុងសប្តាហ៍នេះថា ចំការកៅស៊ូនៅក្នុងតំបន់ឆ្នេរសមុទ្រកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុរបស់លោកឧកញ៉ា ឃើញញថាឆ្នាំនេះគ្មានជម្ងឺមកបៀតបៀន និងមានការលូតលាស់បានល្អជាងឆ្នាំទៅមិញ។។ប៉ុន្តែយ៉ាងណា លោកឧកញ៉ាថា COVID-19 បានធ្វើអោយបាត់បង់ទីផ្សារកៅស៊ូអស់រលឹង ខណៈដែលខ្វះខាតកម្លាំងពលកម្មប្រមូលផលចំការកៅស៊ូផងនោះ។
ក្នុងនោះដែរ លោកឧកញ៉ា ម៉ុង ឬទ្ធី បានរៀបរាប់ឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដូច្នេះថា «វេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍ទី២៨ ខែមីនា ឆ្នាំ២០២០ចុះមកពិនិត្យមើលចំការកៅស៊ូនៅក្នុងតំបន់ឆ្នេរសមុទ្រកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃើញថាឆ្នាំនេះគ្មានជម្ងឺមកបៀតបៀនលូតលាស់បានល្អជាងឆ្នាំ២០១៩ រោងចក្រកែច្នៃបានជួសជុលលាងសំអាតនិងបានចាប់ផ្តើមដំណើរការពីរតោនក្នុងមួយម៉ោង រាជរដ្ឋាភិបាលបានអនុគ្រោះពន្ធនាំចេញ50$/1ton តែជាអកុសលខ្វះខាតកម្លាំងពលកម្មប្រមូលផលចំការកៅស៊ូសរុបចំនួន2.500ha មានកម្លាំងប្រមូលផលបានតែចំនួន700haតែប៉ុណ្ណោះ វាស៊យកាន់តែធ្ងន់ធ្ងរមួយទៀតនោះគឺ COVID-19បានធ្វើអោយបាត់បង់ទីផ្សារអស់រលឹង បើផ្អាកមិនអោយកម្មករប្រមូលផលពួកគាត់ត្រូវដាច់បាយ»។
ពាក់ព័ន្ធ នឹងឥទ្ធិពលជំងឺ Covid 19 នេះដែរ កាលពីពេលកន្លងទៅ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនចំការកៅស៊ូធំៗ កំពុងជួបវិបត្តិចំនួន២ធំៗ ដែលកំពុងជិះឥទ្ធិពលដល់វិស័យកៅស៊ូកម្ពុជា គឺ៖ ១- កំពុងខ្វះកម្លាំងពលកម្ម និង២- ជ័រកៅស៊ូនៅទីផ្សារ នៅបន្តមានតម្លៃថោក ក្នុងរយៈពេលជិតដប់ឆ្នាំមកដល់សព្វថ្ងៃនេះ។
លោកឪកញ៉ាបញ្ជាក់ថា វិបត្តិនេះ នឹងអាចបន្ត ដោយសារស្ថានភាពសេដ្ឋកិច្ចសកលនាបច្ចុប្បន្ននេះហើយបើតាមស្ថានភាពសេដ្ឋកិច្ចសកលនាសព្វថ្ងៃនេះ គឺមិនទាន់មានវិធីដែលអាចស្រោចស្រង់បាននូវឡើយទេ។ តែយ៉ាងណា លោកថា បច្ចុប្បន្នកំពុងត្រៀមប្រមូលបញ្ហារបស់ក្រុមហ៊ុន សហគ្រាស អ្នករកស៊ី ដែលជួបការលំបាកជាមួយមន្ត្រី និងស្ថាប័នរដ្ឋនានា ដើម្បីដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ដោះស្រាយនាពេលខាងមុខ៕ អត្ថបទ៖ សិរីកា