កាលពីថ្ងៃទី ២៧ ធ្នូកន្លងទៅ ប្រទេសរុស្ស៊ីបានប្រកាសថា នឹងបញ្ឈប់ការលក់ប្រេងទៅឲ្យប្រទេស ដែលយល់ស្របជាមួយអាមេរិក ជុំវិញការកំណត់តម្លៃប្រេងនាំចេញរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពី CNA។
ទណ្ឌកម្មសេដ្ឋកិច្ចចំពោះការកំណត់តម្លៃប្រេង ដែលលោកខាងលិចបានដាក់ទៅលើរុស្ស៊ី គឺធ្វើឡើងតាំងពីថ្ងៃទី ០៥ ធ្នូ និងតម្រូវឲ្យអ្នកជួញដូរប្រេងពីរុស្ស៊ីទាំងអស់ មិនត្រូវបង់ប្រាក់លើសទី ៦០ ដុល្លារ/បារ៉ែលឡើយ។
ការកំណត់តម្លៃបែបនេះ គឺលោកខាងលិចព្យាយាមរារាំងរុស្ស៊ី ក្នុងការបង្កើនចំណូលដើម្បីផ្គត់ផ្គង់សព្វាវុធ សម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន ខណៈតម្លៃ ៦០ ដុល្លារ/បារ៉ែល គឺតិចជាងតម្លៃដែលរុស្ស៊ីធ្លាប់លក់ចេញកាលពីឆ្នាំមុនដាច់។
ជាការឆ្លើយតបនឹងគំនាបដែលលោកខាងលិចព្យាយាមដាក់មកលើរុស្ស៊ី ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានប្រកាសក្ដែងៗថា គ្រប់ប្រទេសដែលឯកភាពជាមួយនឹងការកំណត់តម្លៃប្រេងពីលោកខាងលិច នឹងលែងជាអតិថិជនរបស់រុស្ស៊ីតទៀត។
ហើយនេះក៏មិនមែនជាបញ្ហាចំបងឡើយ ដ្បិតរុស្ស៊ីគឺជាប្រទេសនាំចេញប្រេងធំបំផុតទី ២ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ហើយបើទោះជាលោកខាងលិចមិនទិញប្រេងពីរុស្ស៊ី ក៏នៅមានប្រទេសនៅអាស៊ីដូចជា ចិន និងឥណ្ឌា នៅតែក្លាយជាម៉ូយដុំរបស់រុស្ស៊ី ដែលកំពុងបង្កើនការនាំចូលប្រេងច្រើនលើសលុបនាឆ្នាំនេះ៕