រដ្ឋាភិបាលឥណ្ឌា កំពុងមានគម្រោងផ្ដល់ប្រាក់លើកទឹកចិត្ត សម្រាប់ឧស្សាហកម្មអ៊ីដ្រូសែនបៃតង ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ក៏ដូចជាត្រៀមខ្លួនជាអ្នកផ្គត់ផ្គង់ដ៏ធំមួយសម្រាប់វិស័យមួយនេះ។ នេះបើតាមការចុះផ្សាយពី Reuters។
រដ្ឋាភិបាល អាចនឹងត្រៀមកញ្ចប់ទឹកប្រាក់ ១៨០ ពាន់លានរូពី ឬប្រហែល ២,២ ពាន់លានដុល្លារ ជាប្រាក់លើកទឹកចិត្ត និងជួយកាត់បន្ថយការចំណាយលើវិស័យឧស្សាហកម្មអ៊ីដ្រូសែនបៃតង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
មិនមែនមានតែឥណ្ឌាទេ ដែលហ៊ានចំណាយលុយរាប់ពាន់លានដុល្លារលើការបង្កើនការផលិតថាមពលកកើតឡើងវិញ តួយ៉ាងនៅអាមេរិក និងសហភាពអឺរ៉ុប ក៏កំពុងដុតដៃដុតជើងជាមួយនឹងវិស័យមួយនេះដូចគ្នា ដោយបានចាក់លុយរាប់ពាន់លានដុល្លាររួចមកហើយ។
សូមជម្រាបដែរថា អ៊ីដ្រូសែនអាចត្រូវបានប្រើជាឥន្ធនៈ និងត្រូវបានបង្កើតឡើងដោយការបំបែកទឹកជាមួយនឹងដំណើរការអគ្គិសនី ដែលហៅថា អេឡិចត្រូលីស។
ប្រសិនបើអេឡិចត្រូលីស ត្រូវបានដំណើរការដោយថាមពលកកើតឡើងវិញ ផលិតផលនោះត្រូវបានគេហៅថា អ៊ីដ្រូសែនបៃតង ដែលជាឥន្ធនៈគ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលប៉ះពាល់ខ្លាំងដល់បរិស្ថាន៕