ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសស្នើឲ្យពលករខ្មែរ ដែលទើបតែត្រឡប់មកពីប្រទេសថៃ តាមរបាយការណ៍មានជាង ៥ម៉ឺននាក់ ដាក់ខ្លួនឲ្យនៅឆ្ងាយពីគេរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីសន្និសីទសារព័ត៌មាន នៅរដ្ឋសភាជាតិ ព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០៕
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ មានប្រមាណជាង ៥ម៉ឺននាក់ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ សម្តេចលើកទឹកចិត្តចំពោះប្រជាពលរដ្ឋ ដែលជាពលករ សូមដាក់ខ្លួនឲ្យនៅនឹងកន្លែង ដើម្បីតាមដានសុខភាព និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទៅក្រុមគ្រួសារ និងមិត្តភ័ក្តិ។
សម្តេចបានបន្ថែមថា អាជ្ញាធរ ត្រូវតែពិនិត្យគ្រប់គ្រងភូមិទាំងអស់ មិនថាតែអ្នកមកពីប្រទេសថៃប៉ុណ្ណោះទេ ពោលគឺអ្នកដែលត្រឡប់មកពីក្រៅប្រទេសទាំងអស់។
សម្តេចបញ្ជាក់ថា បងប្អូនដែលត្រឡប់មកពីប្រទេសថៃ ត្រូវតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ ប្រសិនបើមានអាការអ្វីកើតឡើងខុសប្រក្រតី ត្រូវតែទៅជួបគ្រូពេទ្យ ដើម្បីធ្វើការតាមដាន ចៀសវាងការឆ្លងទៅក្រុមគ្រួសារ មិត្តភ័ក្តិ និងសហគមន៍។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ជាបណ្ដោះអាសន្ន រហូតមានបទបញ្ជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា៕