ការនាំចេញរបស់ប្រទេសថៃ បន្តធ្លាក់ចុះខ្លាំង នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ

អន្តរជាតិ

យោងតាមក្រសួងពាណិជ្ជកម្មថៃ បានធ្វើការប្រកាសកាលពីថ្ងៃទី ២៧ ខែធ្នូថា ការនាំចេញរបស់ប្រទេសខ្លួន នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានបន្តធ្លាក់ចុះខ្លាំង សម្រាប់រយ:ពេលពីរខែជាប់គ្នាហើយ ដោយលទ្ធផលនេះ គឺអាក្រក់ជាងការរំពឹងទៅទៀត ដោយសារតែការធ្លាក់ចុះតម្រូវការទំនិញជាសកល និងវិធានការបិទប្រទេសដ៏តឹងរ៉ឹងរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចេញ ដែលត្រូវបានគេចាត់ទុកថាជាកក្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ នៅក្នុងខែវិច្ឆិកាឆ្នាំនេះ បានមើលឃើញថាមានការថយចុះខ្លាំង ដល់ ៦% ពោលគឺជាកម្រិតខ្ពស់ជាងការព្យាករទុករបស់ Reuter ថាមានត្រឹមតែ ៥,២% ប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះ នៅក្នុងខែតុលា ឆ្នាំ ២០២២ នេះវិញ ការនាំចេញរបស់ប្រទេសថៃ ក៏មានការធ្លាក់ចុះខ្លាំងផងដែរ ដល់ ៤,៤% ។

លើសពីនេះ បើតាមក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ការនាំចេញផលិតផលកសិកម្ម នៅក្នុងខែវិច្ឆិកា បានធ្លាក់ចុះ ២% ស្របពេលផលិតផលឧស្សាហកម្មវិញ បានធ្លាក់ចុះរហូតដល់ ៥,១% ។

គួរឱ្យដឹងថា ក្នុងចំណោមទីផ្សារសំខាន់ៗសម្រាប់ប្រទេសថៃ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ១,២% ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍វិញ បានធ្លាក់ចុះ ៩,៥% និងការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ៩,៩%។

ជម្រាបជូនផងដែរថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ នេះ ការនាំចេញសរុបរបស់ប្រទេសថៃ បានកើនឡើង ៧,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺជាកម្រិតខ្ពស់ជាង បើធៀបនឹងគោលដៅ ៤% ដែលព្យាករដោយក្រសួងពាណិជ្ជកម្ម សម្រាប់ឆ្នាំ ២០២២ ៕