នយោបាយឈ្នះ-ឈ្នះ បាននាំយកសន្តិភាព និងឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

២៩ ធ្នូ ១៩៩៨ ដល់ ២៩ ធ្នូ ២០២២ មានរយះពេល២៤ឆ្នាំហើយ ដែលកម្ពុជាបានបិទបញ្ចប់សង្រ្គាមស៊ីវិល និងការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រនៅក្នុងប្រទេស ដោយប្រើប្រាស់នយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឳកាសខួប២៤ឆ្នាំនេះ តាមរយៈហ្វេកបុក សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ដើម្បីបង្ហាញ និងរម្លឹកគុណដល់វីរៈភាពស្នាដៃរបស់វីរៈជន ដែលបានលះបង់បូជាជីវិត សាច់ស្រស់ ឈាមស្រស់ និងភាពឈ្លាសវៃរបស់ ថ្នាក់ដឹកនាំ ក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ រាជរដ្ឋាភិបាល បានសំណង់វិមានអនុស្សាវវរីយ៍នយោបាយឈ្នះ-ឈ្នះ ដែលនិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក បានសាងសង់ឡើងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

វិមាននយោបាយឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៦ និងបានសម្ពោធបើកជាសាធារណៈនៅចុងខែធ្នូ ឆ្នាំ២០១៨។

ដោយឡែក កាលពីខែមករា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃទិវានយោបាយឈ្នះ-ឈ្នះ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនតម្រូវឲ្យឈប់សម្រាកនោះឡើយ៕