ឧកញ៉ា ហេង បូរិន បានបង្ហើបឱ្យដឹងពីប្រវត្តិរបស់លោក ដោយធ្លាប់រៀនត្រួតថ្នាក់ទាំងនៅមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងធម្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប៉ុន្តែលោកនៅតែបន្តសិក្សា រហូតប្រឡងជាប់បានសម្រេចនៅឆ្នាំបន្ទាប់ និងធ្វើឱ្យលោកមានឱកាសសិក្សានៅថ្នាក់ឧត្តមជាបន្ត ព្រមទាំងការប្រឡូកចូលក្នុងការប្រកបមុខជំនួញ រហូតក្លាយជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប នាពេលបច្ចុប្បន្ន។
លោកឧកញ៉ា ហេង បូរិន យល់ឃើញថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ធ្លាក់ មិនមែនជាកត្តាកំណត់ជោគវាសនាគ្រប់យ៉ាងរបស់មនុស្សម្នាក់ៗនោះទេ អ្វីដែលសំខាន់គឺកុំអស់សង្ឃឹម កុំបោះបង់ ហើយត្រូវតែបន្តដំណើរទៅមុខ បង្កើតផ្លូវជីវិតឱ្យខ្លួនឯង។
លោកឧកញ៉ា បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោក កាលពីព្រឹកថ្ងៃពុធ ម្សិលមិញ យ៉ាងដូច្នេះថា៖ “ជាបទពិសោធន៍ ខ្ញុំរៀនត្រួតថ្នាក់ ឌីប្លូម និងបាក់ឌុប ទាំងពីរលើក ប៉ុន្តែខ្ញុំមិនដែលបោះបង់ការសិក្សាទេ ខ្ញុំបន្តរៀនសូត្រហើយប្រឡងសារជាថ្មីរហូតជាប់បានសម្រេចនៅឆ្នាំបន្ទាប់។ កុំអស់សង្ឃឹម (Don’t Lose Hope)”។
សូមជម្រាបជូនថា ឧកញ៉ា ហេង បូរិន ជាសេដ្ឋីមួយរូបរបស់កម្ពុជា ដែលកំពុងប្រកបមុខជំនួញពហុវិស័យ។ លោកឧកញ៉ា ជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ផងដែរ។
គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។ គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៣ហិចតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតនៅភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងរបស់បុរី មានលក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងE0, E1, និងប្រភេទ E2 ។
ទីតាំងបុរី ហេង បូរិន ស្ថិតនៅទីប្រជុំជនស្រាប់ ជុំវិញបណ្ដុំដោយបុរីធំៗ នៅកៀកផ្លូវជាតិលេខ៤ អាចប្រកបអាជីវកម្មបាន មានសុវត្ថិភាព និងផាសុខភាពក្នុងការរស់នៅ។ ក្នុងបុរី មានផ្លូវខ្វាត់ខ្វែង ផ្លូវនីមួយៗទៀតសោត ធំទូលាយ ងាយស្រួលធ្វើចរាចរណ៍ ឯផ្ទះវិញ ក៏សាងសង់ឡើងពេញខ្នាត មានចាប់ពីទំហំ 4.2m X 14m និងទំហំ 4.2m X 16m។ ទំហំដីមានចាប់ពី 4.2m x 25m ខាងមុខផ្ទះសល់ 7m ក្រោយសល់ 1.50m ធំទូលាយ និងងាយស្រួលចតរថយន្តមុខផ្ទះបានយ៉ាងងាយស្រួល៕