ក្នុងខែវិច្ឆិកា រុស្ស៊ីហក់ឡើងមកឈរលេខ ៣ ក្នុងបញ្ជីភ្ញៀវទេសចរមកលេងថៃច្រើនជាងគេ

អន្តរជាតិ

ប្រទេសថៃ បច្ចុប្បន្នកំពុងទទួលបានលំហូរភ្ញៀវទេសចរពីរុស្ស៊ីខ្ពស់ ដោយទិន្នន័យផ្លូវការមួយ បានបង្ហាញពីការមកដល់ប្រចាំខែរបស់ភ្ញៀវទេសចររុស្ស៊ីកើនឡើង​ទ្វេដងនៅក្នុងខែវិច្ឆិកា និងកើនឡើងជិត ៧ ដង ធៀបនឹងខែកញ្ញា ដែលជាចំនួនកើនឡើងឆ្ងាយធៀបនឹងប្រទេសផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ថៃ ដែលត្រូវបានចាត់ទុកថាជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់អាស៊ីមួយនេះ បានមើលឃើញពីការហក់ឡើងនៃវិស័យទេសចរណ៍របស់ខ្លួន បន្ទាប់ពីទទួលបានភ្ញៀវទេសចរសរុបចំនួន ១,៧៥ លាននាក់ នៅក្នុងខែវិច្ឆិកា ដែលស្មើទៅនឹងបួនដង នៃចំនួនអ្នកដំណើរដែលមកដល់ នៅពេញមួយឆ្នាំមុន ។

គួរឱ្យដឹងថា កើនឡើងនេះ ត្រូវបានរួមចំណែកយ៉ាងខ្លាំង ដោយសារតែការដកចេញនូវវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាល ចាប់តាំងពីខែកញ្ញាមក ខណ:វាបានបង្ហាញឱ្យឃើញថា ការមកដល់របស់ភ្ញៀវទេសចរពីប្រទេសរុស្ស៊ី គឺបានកើនឡើងខ្លាំង ក្នុងអត្រាលឿនជាប្រទេសដទៃទៀត ។

រំលឹកថារុស្ស៊ី ធ្លាប់ជាទីផ្សារទេសចរណ៍ធំជាងគេទី ៧ របស់ប្រទេសថៃ នៅក្នុងឆ្នាំ ២០១៩ មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះវិញ ភ្ញៀវទេសចររុស្ស៊ី បានហក់ឡើងជាលំដាប់ រហូតអាចមកឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយតាមពីក្រោយតែប្រទេសម៉ាឡេស៊ី និងឥណ្ឌាប៉ុណ្ណោះ ជាមួយនឹងចំនួនអ្នកមកលេងកម្សាន្ត ១០៨ ៩៨៥ នាក់ ដែលកើនឡើងពីចំនួន ៤៤ ៣១៤ នាក់នៅក្នុងខែតុលា និង ១៥ ៩០០ នាក់ នៅខែកញ្ញា ។

ជម្រាបជូនផងដែរថា សម្រាប់គោលដៅធំបំផុត របស់ពលរដ្ឋរុស្ស៊ី ដែលមកលេងកម្សាន្តនៅប្រទេសថៃ គឺភូកេត ដែលមានចំនួនប្រហែលមួយភាគបួន នៃភ្ញៀវទេសចរសរុប នៅលើកោះមួយនេះ។ នេះបើតាមការឱ្យដឹងដោយលោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) ៕