ថ្មីៗនេះ ក្រុមហ៊ុន China Fortune Land Development Co បានយល់ព្រមក្នុងការលក់អចលនទ្រព្យរបស់ខ្លួន ចំនួន ៤ កន្លែង ក្នុងតម្លៃប្រមាណ ១២,៤ ពាន់លានយ៉ន់ (១,៨ ពាល់លានដុល្លារ) ទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ China Resources Land Ltd (CR Land) កាន់កាប់ជំនួសវិញ ។
បើតាមការចុះផ្សាយពី CNA បានបង្ហាញឱ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅពេលដែលរដ្ឋាភិបាលចិន កំពុងមានលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនអភិវឌ្ឍនានា ដើម្បីទទួលបានគម្រោងអភិវឌ្ឍពីសំណាក់ក្រុមហ៊ុនគូប្រជែងរបស់ពួកគេ ដែលកំពុងមានវិបត្តិបំណុល មកកាន់កាប់ជំនួស ក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងវិស័យ ដែលកំពុងមានវិបត្តិមួយនេះ ។
យ៉ាងណាមិញ ក្រុមហ៊ុន China Fortune Land បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តលក់អចលនទ្រព្យរបស់ខ្លួននេះ គឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ស្របពេលក្រុមហ៊ុន ក៏កំពុងព្យាយាមស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីបន្ធូរបន្ថយការជាប់គាំងលំហូរហិរញ្ញវត្ថុរបស់ខ្លួន ដែលបង្កឡើងដោយបរិយាកាសសេដ្ឋកិច្ចអាប់អួរ និងជំងឺរាតត្បាតផងដែរ ។
លើសពីនេះ ក្រុមហ៊ុន China Fortune Land បាននិយាយទៀតថា ទឹកប្រាក់ដែលទទួលបានពីកិច្ចព្រមព្រៀងមួយនេះ ដំបូងនឹងត្រូវបានប្រើជាចម្បងដើម្បីសងបំណុល និងជំរុញការអនុវត្តផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលចិន បច្ចុប្បន្នបាននិងកំពុងជួយសម្របសម្រួល ដល់ការផ្តល់ប្រាក់កម្ចីតាមធនាគារ ក៏ដូចជាការផ្តល់ហិរញ្ញប្បទានមូលបត្របំណុល និងសមធម៌ដល់ក្រុមហ៊ុនអភិវឌ្ឍ ដែលមានសមត្ថភាព ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់វិស័យ ដែលកំពុងធ្លាក់ផុងខ្លួនក្នុងបំណុល និងការលក់អចលនទ្រព្យដែលជាប់គាំង ៕