ស្ថាប័នជំនាញជាតិ និងអន្តរជាតិចំនួន៣ រួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) បានព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ដែលនឹងឈានមកដល់ក្នុងរយៈពេលពីរថ្ងៃទៀតនេះ ក្នុងតួលេខខុសៗគ្នា។
យោងតាមវិចារណកថា ស្តីពី “ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងកម្ពុជានៅឆ្នាំ២០២៣” របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី បានឱ្យដឹងថា តាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ នឹងទទួលបានប្រមាណ ៦.៦% ខណៈដែល IMF បានព្យាករថានឹងទទួលបាន ៥.៩% និងធនាគារពិភពលោក បានព្យាករថាទទួលបាន ៥.៨%។ យ៉ាងណាក៏ដោយ ការព្យាករនេះនឹងមានការប្រែប្រួលដោយផ្អែកទៅលើការវិវត្តចុងក្រោយនៃស្ថានភាពសេដ្ឋកិច្ចនិងនយោបាយពិភពលោក ជាពិសេសគឺស្ថានភាពនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។
ទទឹមនឹងក្តីរំពឹងនៃការងើបឡើងវិញសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជាក៏នឹងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅ។ កត្តាខាងក្រៅ គឺការជះឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលនាំឱ្យតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ និងការធ្លាក់ចុះនៃទុនវិនិយោគ។ល។ កត្តាខាងក្នុង គឺជាធ្វើពិពិធកម្មសេដ្ឋកិច្ចនៅមានសន្ទុះយឺត ថ្លៃដើមនៃការធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់ និងកម្លាំងពលកម្មជំនាញ នៅមានកម្រិតទាប ជាដើម។
លើសពីនេះទៅទៀត នៅមានកិច្ចការជាច្រើនទៀត ដែលទាមទារឱ្យកម្ពុជាមានការចំណាយច្រើននៅឆ្នាំ២០២៣ ដែលរួមមាន៖ ការរៀបចំបោះឆ្នោតសកល ការធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម និងការចំណាយជាអាទិភាពផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ ផ្អែកតាមបទពិសោធន៍ដឹកនាំដ៏សម្បូរបែប និងរស់រវើករបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន កម្ពុជាមានជំនឿយ៉ាងមុតមាំថា នឹងអាចជម្នះបាននូវបញ្ហាប្រឈមទាំងនេះ ព្រមទាំងទទួលបានលទ្ធផលផ្លែផ្កានៃការលូតលាស់ល្អផ្នែកសេដ្ឋកិច្ច នៅឆ្នាំ២០២៣៕