កោះភូកេតនៃប្រទេសថៃបានរំពឹងថា នឹងទទួលបានចំណូលច្រើនជាង ១០០ ពាន់លានបាត ពីវិស័យទេសចរណ៍ អំឡុងបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ នេះបើតាមការចុះផ្សាយពី Bangkokpost។
លោក Bhumikitti Ruktaengam ប្រធានទីប្រឹក្សាសមាគមទេសចរណ៍ភូកេត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពកំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស នៅលើកោះរមណីយដ្ឋានកំឡុងពេលបុណ្យចូលឆ្នាំថ្មី ហើយអត្រាកក់បន្ទប់សណ្ឋាគារនៅលើឆ្នេរ Kata, Karon, Patong និង Nai Harn ជាមធ្យមគឺ ៧០%% ។
លោកបានបន្តទៀតថា កំណើនភ្ញៀវទេសចរណ៍ដ៏សំបើមនេះ បានជួយឲ្យឧស្សាហកម្មមួយនេះ កំពុងទទួលបានបទពិសោធន៍ថ្មី គឺការងើបឡើងវិញជារាងអក្សរ V ហើយលោកក៏សង្ឃឹមថា តម្លៃសំបុត្រយន្តហោះអាចនឹងមានតម្លៃសមរម្យជាងពេលនេះ។
សូមជម្រាបដែរថា កោះភូកេត គឺរួមចំណែកធំមួយក្នុងការរកចំណូលលើវិស័យទេសចរណ៍ក្នុងប្រទេស ដល់ទៅ ៣៥% ស្របពេលបច្ចុប្បន្នកំណើនចំណូលប្រចាំឆ្នាំនៅទីនេះ ក៏កំពុងឡើងដល់ ៦០% បើធៀបនឹងមុនមានជំងឺរាតត្បាតថែមទៀត៕