ឥណ្ឌូនេស៊ី កំពុងព្យាយាម​គៀង​គរ​រកដៃគូវិនិយោគបរទេស ដើម្បីបង្កើតរោងចក្រនុយក្លេអ៊ែរលើកដំបូង

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងសម្លឹងរកការបង្កើតទីភ្នាក់ងារថ្មីមួយ ដើម្បីជំរុញឱ្យមានការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងឧស្សាហកម្មថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Rohadi Awaludin ប្រធានផ្នែកស្រាវជ្រាវនុយក្លេអ៊ែរ ប្រចាំនៅទីភ្នាក់ងារស្រាវជ្រាវ និងនវានុត្តន៍ជាតិ (BRIN) បាននិយាយថា ក្រុមប្រឹក្សាថាមពលជាតិ (DEN) កំពុងតែធ្វើការរៀបចំបង្កើតអង្គភាពថ្មីមួយ ដើម្បីអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុង ប្រទេសឥណ្ឌូនេស៊ី។

មិនតែប៉ុណ្ណោះ លោក Rohadi បាននិយាយទៀតថា បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីមានទុនបំរុងអ៊ុយរ៉ាញ៉ូម ចំនួន ៩០ ០០០ តោន និងថូរីញ៉ូម ១៤០ ០០០ តោន ដែលវានឹងអាចគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ ចំនួន ១០ ហើយអាចមានសមត្ថភាពផលិតថាមពលបាន ១ ០០០ មេហ្គាវ៉ាត់ (MW) ក្នុងរោងចក្រនីមួយៗ សម្រាប់រយៈពេល ៣០ ឆ្នាំ។

លើសពីនេះ លោក Haendra Subekti នាយកគោលនយោបាយដំឡើងនុយក្លេអ៊ែរ និងសម្ភារៈ នៅទីភ្នាក់ងារគ្រប់គ្រងថាមពលនុយក្លេអ៊ែរឥណ្ឌូនេស៊ី (Bapeten) បាននិយាយផងដែរថា ប្រទេសដែលមានកម្មវិធីនុយក្លេអ៊ែរជឿនលឿន ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ និងដាណឺម៉ាក សុទ្ធតែបង្ហាញចំណាប់អារម្មណ៍ ក្នុងការចូលរួមអភិវឌ្ឍគម្រោងថាមពលនុយក្លេអ៊ែរ នៅឥណ្ឌូនេស៊ី៕