សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងក្រសួងពាណិជ្ជកម្ម បានសហការរៀបចំពិធី ស្តីពី “ណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២” កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិតីភាព ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ ។
ក្នុងពិធីនេះក៏មានវត្តមាន ឧកញ៉ា បណ្ឌិត ណាង សុធី អគ្គលេខាធិការនៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ, អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និង តំណាងប្រធានមន្ទីពាណិជ្ជកម្មរាជធានីភ្នំពេញ នឹងជាពិសេស អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាបេក្ខជន ឬតំណាងបេក្ខជន ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិកសមាជិកាជ្រើសតាំង នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ដែលមាន ០៤ ផ្នែកគឺ (១). ផ្នែកពាណិជ្ជកម្ម, (២). ផ្នែកសេវាកម្ម និងវិជ្ជាជីវៈសេរី, (៣). ផ្នែកឧស្សាហកម្ម និងសិប្បកម្ម និង (៤). ផ្នែកកសិកម្ម ។
គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺទី១. ប្រកាសលទ្ធផលជាសាធារណៈអំពីចំនួន បេក្ខជនឈរឈ្មោះបោះឆ្នោត និងចំនួនអ្នកបានចុះឈ្មោះបោះឆ្នោត និងលេខរៀងរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងផ្នែកទាំង៤ ទី២. ធ្វើការណែនាំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ ជ្រាបអំពី សេចក្តីណែនាំ ស្តីពី “ការបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ” របស់ ក្រសួងពាណិជ្ជកម្ម លេខ ៣៤៧០ ព.ណ.អ.វ.ឯ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ និងទី៣. កំណត់កាលបរិច្ឆេទពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សម្រាប់អ្នកឈរឈ្មោះបោះឆ្នោតធ្វើការឃោសនាបោះឆ្នោត រកអ្នកគាំទ្ររបស់ខ្លួន ដែលកាលបរិច្ឆេទបោះឆ្នោតផ្លូវការត្រូវបានកំណត់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ/កម្ពុជា។