ឆ្នាំ២០២៣នេះ តម្លៃប្រេងសាំងនៅតែបន្តឡើងថ្លៃដដែល

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃអាទិត្យទី១មករានេះ បានចេញតម្លៃលក់ប្រេងឥន្ធនៈ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមករា ឆ្នាំ២០២៣ ក្នុងនោះ តម្លៃសាំង ៤.២០០រៀល ឡើង ១៥០រៀល ចំណែក ម៉ាស៊ូត ៤.៥៥០រៀល ឡើង ៥០រៀល។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មែនទែនទៅ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ត្រូវលក់តម្លៃ ៤.៤៦៧រៀល/លីត្រ សម្រាប់សាំងធម្មតា និង៤.៨១៧រៀល/លីត្រ ប្រេងម៉ាស៊ូត ប៉ុន្តែរាជរដ្ឋាភិបាល សម្រេចបញ្ចុះថ្លៃលក់ប្រេងឥន្ធនៈលើទីផ្សារកម្ពុជា ចំនួន ៦.៥សេនដុល្លារ/លីត្រ។

កាលពីខែធ្នូ ឆ្នាំ២០២២ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ សម្រាប់ប្រេងសាំងធម្មតាតម្លៃ ៤.០៥០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ៤.៥០០រៀល/លីត្រ។

សូមជម្រាបថា កន្លងមកក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែ បានសហការគ្នាចរចាជាមួយក្រុមហ៊ុននាំចូលប្រេងទាំងអស់ ដើម្បីកំណត់រូបមន្តគណនាថ្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយយកតម្លៃមធ្យមភាគលើទីផ្សារសិង្ហបុរីធ្វើជាគោលសម្រាប់គណនា​ថ្លៃលក់រាយទូទាំង​កម្ពុជា ក្នុងរយៈពេល១៥​ថ្ងៃម្ដង។

គួររម្លឹកបន្តិចថា ​កាលពីអំឡុងខែតុលា និងខែវិច្ឆិកា តម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ ម៉ាស៊ូតតម្លៃ៤ ០០០រៀល ប្រេងឥន្ធនៈធម្មតាមានតម្លៃ៤ ៣០០រៀលក្នុងមួយលីត្រ និងប្រេងឥន្ធនៈស៊ូពែ តម្លៃ៤ ៨៥០រៀលក្នុងមួយលីត្រ។ នេះបើយោងតាមតារាងតម្លៃប្រេងឥន្ធនៈតាមបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងមួយចំនួន៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព