លោក វ៉ាង វិនធៀន៖ ឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា មានចំណុចលេចធ្លោច្រើន

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ កន្លងមកនេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន-កម្ពុជា មានចំណុចលេចធ្លោជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង៣៣ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក វ៉ាង វិនធៀង បានលើកឡើងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តនិងជំរុញដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការជាក់ស្ដែង រវាងចិន-កម្ពុជា ឆ្នាំ២០២២ សម្រេចបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនអនេក និងបានប្រសិទ្ធនាមថាជា ឆ្នាំកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងកម្ពុជានិងចិន។

លោកថា កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន-កម្ពុជាបានបន្ថែមសន្ទុះយ៉ាងលឿនដូចផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលទើបតែដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ។

បើតាមលោកឯកអគ្គរដ្ឋទូត វ៉ាង វិនធៀង កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន-កម្ពុជានៅឆ្នាំ២០២២មានចំណុចលេចធ្លោជាច្រើន ក្នុងនោះវិស័យពាណិជ្ជកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ បានចូលជាធរមាន ជាផ្លូវការ។ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់១៤៥០០លានដុល្លារអាមេរិក មានកំណើន១៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

លោកបន្តថា ផលិផលកម្ពុជាមានដូចជាផ្លែមៀន ត្រីប្រា ផ្លែពោតជាដើមបានបញ្ចប់នីតិវិធីក្នុងការអនុញ្ញាតិឱ្យនាំចូលទៅទីផ្សារចិន។ ភាគីចិននៅតែបន្តរក្សាបានតំណែងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់កម្ពុជា។ ក្នុងវិស័យវិនិយោគ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្ពុជាបានឈានចូលដល់ «យុគសម័យផ្លូវល្បឿនលឿន»។ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពុងដំណើរការយ៉ាងរលូន គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំក្រោយ ឆ្នាំ២០២៣។

លោក វ៉ាង វិនធៀង បន្តទៀតថា វេទិកាធុរកិច្ចនិងវិនិយោគចិន-កម្ពុជា ត្រូវបានរៀបចំឡើងដោយជោគជ័យ ចិនគឺជាប្រទេសប្រភពវិនិយោគធំជាងគេសម្រាប់កម្ពុជា។ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស គម្រោងពាក់ព័ន្ធនឹងផលប្រយោជន៍ប្រជាជនដែលជាជំនួយរបស់ភាគីចិនបានដាក់ឱ្យប្រើប្រាស់ មានដូចជា មន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងគម្រោងធ្វើផ្លូវជនបទដំណាក់កាលទី២ជាដើម ក្រុមវេជ្ជសាស្រ្តចិនដែលជាជំនួយរបស់ភាគីចិនសម្រាប់ចូលរួមទប់ស្កាត់ជំងឺវីរុសនៅកម្ពុជា បានដើរតួនាទីយ៉ាងសកម្មក្នុងការការពារសុខភាពប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរប្រឈមមុខនឹងជំងឺកូវីដដែលពុំធ្លាប់មាន កិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងចិន-កម្ពុជា មានភាពរឹងមាំធន់ និង មានកម្លាំងថាមពល កាន់តែរឹងមាំខ្លាំងក្លា។

ថ្លែងក្នុងឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានិងចិនគឺជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម រហូតមកដល់បច្ចុប្បន្ននេះ ចិនបានជួយកម្ពុជាសាងសង់ផ្លូវថ្នល់មានប្រវែងសរុបជាង៣០០០គីឡូម៉ែត្រ និងស្ពានចំនួន៩កន្លែង ហើយស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ ក៏នឹងចាប់ផ្តើមនៅដើមខែមករាខាងមុខនេះផងដែរ ទាំងនេះគឺជាសមិទ្ធផលផ្លែផ្កា រវាងកម្ពុជា-ចិន ដែលមានការជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏មុតមាំ។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការគោរពគ្នាទៅវិញទៅមកគឺជាលក្ខណៈពិសេសនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជានិងចិន ភាគីចិនផ្តល់ជំនួយឥតសំណងនិងកម្ចីហិរញ្ញប្បទានសម្បទានដល់កម្ពុជាតាមតម្រូវការជាក់ស្តែង គាំទ្រភាគីកម្ពុជាក្នុងការប្រើប្រាស់ប្រាក់កម្ចីទៅតាមតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ផលដល់ប្រជាជន មានដូចជាផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹកស្អាត ថាមពលអគ្គិសនី អប់រំ កសិកម្មជាដើម ចិនបានបន្តពង្រីកការផ្តល់ជំនួយដល់កម្ពុជានិងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ បើគ្មានជំនួយពីមិត្តចិនទេ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាពិបាកក្នុងការអភិវឌ្ឍន៍។ សង្ឃឹមថា ភាគីចិននឹងបន្តគាំទ្រការស្ដារសេដ្ឋកិច្ចឡើងវិញនៅកម្ពុជាក្រោយរងផលប៉ះពាល់ជំងឺកូវីដ១៩ កម្ពុជានៅតែស្វាគមន៍ក្រុមហ៊ុនចិនមកវិនិយោគនៅក្នុងប្រទេស៕