រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ឆ្វៀលដីឧទ្យានជាតិគីរីរម្យជាង២រយហិកតារ (២២១.៩៤) ឱ្យទៅក្រុមហ៊ុនឯកជនមួយរបស់កូនលោកស្រីឧកញ៉ា ជឹង សុភាព។
អនុក្រឹត្យរាជរដ្ឋាភិបាល ចំនួនពីរទំព័រចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានកាត់ឆ្វៀលដីទំហំជាង២រយហិកតារចេញពី ឧទ្យានជាតិព្រះសុរាម្រិត ឬហៅថា ឧទ្យានជាតិគីរីរម្យ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រគល់ឱ្យទៅក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.) ដើម្បីបន្តរៀបចំបំពេញបែបបទនីតិវិធីជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
ក្រុមហ៊ុន វ៉នម៉រ លីមីតធីត ត្រូវបានគេស្គាល់ថា មានអ្នកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាកូនស្រីបង្កើតរបស់អ្នកស្រីឧកញ៉ា ជឹង សុភាព ហៅយាយភូ គឺជាអគ្គនាយកាក្រុមហ៊ុន វ៉នម៉រ លីមីតធីត។
ក្រុមហ៊ុន វ៉នម៉រ មានបុត្រសម្ព័ន្ធមួយគឺក្រុមហ៊ុន អិនវីស៊ី ខុបភើរេសិន (NVC Cooperation) ផលិតទឹកវីតាល់ ក្រុមហ៊ុនផលិតមីជាតិ ភោជនីយដ្ឋាន និងសហគ្រាសឱសថកកម្ពុជាផងដែរ។ អ្នកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី ជាកូនប្រសារឧកញ៉ា ឡាវ ម៉េងឃីន ស្វាមីអ្នកស្រីគឺអតីតឧកញ៉ា ឡាវ វ៉ាន់ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបថា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ១៩៩៣ ព្រះអង្គបានកំណត់តំបន់គីរីរម្យដែលមានផ្ទៃដីជាង ៣៥.០០០ហិកតារ ជាតំបន់ឧទ្យានជាតិ ដើម្បីថែរក្សាធនធានធម្មជាតិ និងបម្រើឲ្យវិស័យទេសចរណ៍ ដោយមិនឲ្យខូចខាតដល់បរិស្ថានឡើយ។ ភ្នំគីរីរម្យស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះ ត្រូវបានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិត កុសមៈ កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដើម្បីរក្សាទុកជាតំបន់អភិរក្ស៕