ប្រទេសចិន និងកម្ពុជាបានរួមដំណើរលើវិថីនៃចំណងការទូត អស់រយៈកាលជាងប្រាំទសវត្សរ៍មកហើយ។ ត្រឹមខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលចិនបានផ្តល់ហិរញ្ញប្បទានសាងសង់ស្ពានចំនួន ១១ មកឱ្យកម្ពុជា។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នាព្រឹកថ្ងៃទីចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា គម្រោងហិរញ្ញប្បទានសាងសង់ស្ពានទាំង ១១នោះរួមមាន៖ ស្ពានមិត្តកម្ពុជា-ចិន សេកុង ស្ទឹងត្រែង ស្ពានមិត្តកម្ពុជា-ចិន ព្រែកក្តាម ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកតាមាក់ ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ ទី២ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គខេត្តស្ទឹងត្រែង ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ក្រូចឆ្មារ និងស្ពានមិត្តភាពកម្ពុជា-ចិន សិត្បូ។
សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានទាំងអស់នេះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីកម្ពុជាមានសុខសន្ដិភាពពេញលេញ និងស្ថេរភាពនយោបាយដ៏ពិតប្រាកដដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រៅតែពីការផ្តល់ហិរញ្ញប្បទានសាងសង់ហេដ្ឋារចនាសម្ព័ន្ធហើយនោះ ចិនបានផ្តល់ជំនួយមកដល់កម្ពុជាលើគ្រប់វិស័យ ពិសេស វិស័យសុខាភិបាល អប់រំ វិស័យយោធា វិស័យថាមពល កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគជាដើម។
ប្រមុខរាជរដ្ឋាភិបាល ធ្លាប់បានលើកឡើងគូសបញ្ជាក់ជាថ្មីថា ជំនួយរបស់ចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍរបស់កម្ពុជាប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រទេសតូចតាចនិងក្រីក្រត្រូវការចាំបាច់នូវឯករាជ្យនិងអធិបតេយ្យភាព ដោយមិនចង់ឱ្យអ្នកណាបង្គាប់បញ្ជានិងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ។ ត្រង់ចំណុចនេះ សម្តេចតេជោចង់បានន័យថា រាល់ជំនួយរបស់ចិនមិនដែលភ្ជាប់នូវលក្ខខណ្ឌឬបញ្ជាឱ្យកម្ពុជាធ្វើអ្វីតាមបំណងរបស់ចិនឡើយ៕