ក្នុងរយៈពេលចំនួន ២ថ្ងៃនាថ្ងៃឆ្លងឆ្នាំសកល ២០២៣ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ នៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។
បើតាមក្រសួងទេសចរណ៍ នាព្រឹកចន្ទទី២មករានេះ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់, ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់, ខេត្តសៀមរាប ៣៣៧,៧៦៩នាក់, ខេត្តកំពត ៣៣០,៦៥៩នាក់, ខេត្តបាត់ដំបង ១៥៨,១១០នាក់, ខេត្តកែប ៨៨,៣៥៦នាក់, ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់, ខេត្តកំពង់ចាម ៧៦,៩០១នាក់។
ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា តួលេខនេះមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។
ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមរតកតេជោជាដើម។
គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕