ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន០២នាក់បន្ថែមទៀត សរុបកើនឡើងចំនួន ១០៩នាក់ ក្នុងនោះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាល អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី២នាក់នេះ រួមមានស្រ្តីជនជាតិខ្មែរអាយុ៣៩ឆ្នាំ និងកូនប្រុសអាយុ១២ឆ្នាំ រស់នៅខេត្តសៀមរាប។ ពួកគាត់ទាំងពីរគឺជាប្រពន្ធ និងកូន បុរសម្នាក់ដែលមានផ្ទុកកូវីដ១៩ ក្រោយពេលត្រឡប់ពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។ ពេលនេះ ម្តាយ និងកូនខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ ចំណែក កូនរបស់គាត់២នាក់ទៀត រួមទាំងឪពុកក្មេក ក៏ត្រូវបានក្រសួងសុខាភិបាលធ្វើតេស្តផងដែរ ប៉ុន្តែមិនមានផ្ទុកមេរោគកូវីដនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៣នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ និងជនជាតិខ្មែរ១៨នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៦នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៨នាក់៕