នៅថ្ងៃទី ២ ខែមករាឆ្នាំ ២០២៣ នេះ កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ ឬហៅកាត់ថា RCEP ត្រូវបានដាក់ឱ្យចូលជាធរមានផ្លូវការហើយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
បើតាមការចុះផ្សាយពីសារព័ត៌មាន The Jakartapost បានបង្ហាញឱ្យដឹងទៀតថា បន្ទាប់ពីបានអនុម័តផ្លូវការនៃកិច្ចព្រមព្រៀងដ៏ធំមួយនេះហើយ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បានដាក់ចេញច្បាប់ថ្មីមួយ ទាក់ទងនឹងការផ្តល់ប្រភពដើមនៃទំនិញ ក៏ដូចជាបានចេញបទប្បញ្ញតិសម្រាប់បញ្ជាក់ចំពោះទំនិញដែលនាំចេញពីប្រទេសឥណ្ឌូនេស៊ីផងដែរ ។
លើសពីនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkfli Hasan បានពន្យល់ថា ច្បាប់ថ្មី ដែលត្រូវបានរៀបចំឡើងជាមូលដ្ឋានថ្មីនេះ គឺដើម្បីគ្រប់គ្រងនីតិវីធី សម្រាប់ការទទួលបានវិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមនៃទំនិញ និងរួមទាំងទំនិញដែលត្រូវបាននាំចេញដោយប្រទេសឥណ្ឌូនេស៊ីផងដែរ ។
មិនតែប៉ុណ្ណោះ យោងតាមបទប្បញ្ញត្តិរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានបញ្ជាក់ទៀតថា សម្រាប់ក្រុមហ៊ុនអាជីវកម្ម គឺអាចធ្វើការជ្រើសរើសរវាងឯកសារពីរប្រភេទ ដើម្បីទទួលបាការអនុគ្រោះពន្ធពីប្រទេសសមាជិក RCEP ផ្សេងទៀត ក្នុងការនាំចេញទំនិញរបស់ពួកគេ ដោយទីមួយ គឺវិញ្ញាបនបត្របញ្ជាក់ប្រភពដើម (SKA) និងមួយទៀត គឺសេចក្តីប្រកាសនៃប្រភពដើម (DAB) ។
គួរឱ្យដឹងថា កិច្ចព្រមព្រៀង RCEP ដែលជាគំនិតផ្តួចផ្តើមដំបូងដោយឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ ២០១១ គឺជាការច្របាច់បញ្ចូលគ្នា នៃប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសជាដៃគូ FTA ចំនួនប្រាំផ្សេងទៀត ដែលមានដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងចិន ។
ជម្រាបជូនទៀតថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយ របស់ពិភពលោក ក្រៅពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយប្លុកនេះ គឺគ្រប់គ្រង GDP សរុបលើពិភពលោកប្រមាណ ៣០,២% , ការវិនិយោគផ្ទាល់ពីបរទេស ២៩,៨% , ចំនួនប្រជាជន ២៩,៦% និងពាណិជ្ជកម្មសរុប ២៧,៤% ៕