តម្លៃផ្ទះក្នុងប្រទេសចិន បន្តធ្លាក់ចុះ នៅក្នុងខែចុងក្រោយប្រចាំឆ្នាំ ២០២២

អន្តរជាតិ

យោងតាមការស្ទង់មតិឯកជនមួយ កាលពីថ្ងៃអាទិត្យ​ បានបង្ហាញឱ្យដឹងថា តម្លៃផ្ទះក្នុងប្រទេសចិន បានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុន នៅក្នុងខែធ្នូ ដែលបង្ករឡើងដោយសារតែតម្រូវការនៅតែមានភាពទន់ខ្សោយជាបន្តបន្ទាប់ ចំពេលមានកើនឡើងនៃករណីឆ្លងជំងឺរាតត្បាតកូវីដ-១៩ ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា វិបត្តិទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កាន់តែបន្តធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់ឡើង ចាប់តាំងពីរដូវក្តៅមក ដោយទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃផ្ទះ ការលក់ និងការវិនិយោគទាំងអស់ សុទ្ធសឹងតែបានធ្លាក់ចុះ ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយ ដោយវាបានបន្ថែមសម្ពាធពីលើបញ្ហាសេដ្ឋកិច្ចក្នុងប្រទេស ដែលកំពុងមានការធ្លាក់ចុះស្រាប់ ។

គួរឱ្យដឹងថា តម្លៃផ្ទះនៅក្នុងទីក្រុងចំនួន ១០០ ក្នុងប្រទេសចិន បានធ្លាក់ចុះសម្រាប់ខែទី ៦ គិតត្រឹមខែធ្នូ ជាមួយនឹងការធ្លាក់ចុះ ០,០៨% ធៀបនឹងខែមុន បន្ទាប់ពីការធ្លាក់ចុះ ០,០៦% ក្នុងខែវិច្ឆិកា។ នេះបើតាមការស្ទង់មតិដោយ China Index Academy (CIA) ដែលជាស្ថាប័នឯករាជ្យ ស្រាវជ្រាវលើអចនទ្រព្យធំបំផុតមួយរបស់ប្រទេសចិន ។

ការស្ទង់មតិពីស្ថាប័នខាងលើបានបង្ហាញឱ្យដឹងទៀតថា ក្នុងចំណោមទីក្រុងទាំង ១០០ មានទីក្រុងចំនួន ៦៨ ហើយ ដែលបានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃផ្ទះប្រចាំខែ ធៀបចំនួនទីក្រុងត្រឹមតែ ៥៧ ប៉ុណ្ណោះ កាលពីខែវិច្ឆិកា ។

ជម្រាបជូនផងដែរថា ជុំវិញស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលរបស់ចិន ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្កើនការគាំទ្របន្ថែមទៀត​ ទៅលើវិស័យអចលនទ្រព្យរបស់ខ្លួន ជាមួយនឹងការបន្ធូរបន្ថយទៅលើវិបត្តិសាច់ប្រាក់រយ:ពេលយូរ ដែលបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍ មានការពន្យាពេល ឬឈានដល់ការបញ្ឈប់គម្រោងរបស់ពួកគេទាំងស្រុង ខណ:បញ្ហានេះ កាន់តែបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទិញផ្ទះបន្ថែមទៀត។ ហើយមិនតែប៉ុណ្ណោះរដ្ឋាភិបាលក៏បានដាក់ចេញ វិធានការលុបចោលនូវការហាមឃាត់លើការរៃអង្គាសប្រាក់ តាមរយ:ការផ្តល់ជូនភាគហ៊ុន សម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីផងដែរ ៕