ស្វាគមន៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៣ វឌ្ឍនៈ កាពីតាល រៀបចំកម្មវិធីតន្រ្តីយ៉ាងកក្រើកនៅចំពីមុខអគារតម្លៃជាង ១០០លានដុល្លារ

កម្សាន្ត

កាលពីយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះក្រុមហ៊ុន វឌ្ឍនៈ កាពីតាល បានរៀបចំកម្មវិធីប្រគំតន្រ្តីឆ្លងឆ្នាំសកល យ៉ាងកក្រើក និងសប្បាយរីករាយអស្ចារ្យ ដើម្បីអបអរសាទរ និងស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០២៣ នៅចំពីមុខអគារតម្លៃជាង ១០០លានដុល្លារ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងតាំងពីល្ងាចនៃការបើកកម្មវិធី រហូតដល់ពាក់កណ្តាលអធ្រាត្រ ជាមួយនឹងការចូលរួមផ្ទាល់ពីសំណាក់ទស្សនិកជនរាប់ពាន់នាក់នៅសួន វឌ្ឍនៈ កាពីតាល ឡាហ្វ៍ស្តាយផាក ។ អ្វីដែលអ្នកចូលរួមទាំងអស់ចាប់អារម្មណ៍ជាងគេបំផុតនោះគឺការររចនា និងតុបតែងទីតាំងប្រគំតន្រ្តីដែលមានលក្ខណៈកាន់តែថ្មី ហើយប្លែកជាមួយនឹងពណ៌រំលេចដែលគួរឲ្យទាក់ទាញខ្លាំងមែនទែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារៀងរាល់ឆ្នាំ វឌ្ឍនៈ កាពីតាល តែងតែមានរៀបចំកម្មវិធីពិសេសៗជូនអតិថិជននិងអ្នកគាំទ្ររបស់ខ្លួននាឪកាសឆ្លងឆ្នាំសកល ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំកន្លងទៅផងដែរ ដែលការកំសាន្តគឺកាន់តែមានភាពពិសេសទ្វេដងថែមទៀត។

បើកក្បាលកម្មវិធីភ្លាម  វឌ្ឍនៈ កាពីតាល បានរៀបចំពិធីដើរ Parade យ៉ាងធំ នៅមុខអគារវឌ្ឍនៈ តែម្ដង ដោយ មាន ការ ចូលរួម ដោយ ក្រុមរាំ និង ក្រុមការងារ រាប់សិបនាក់ អបជាមួយបទភ្លេងស្រារាំ ដែល កំពុង ល្បីខ្លាំងនៅលើ បណ្ដាញសង្គម ខណៈបទភ្លេងវិញគឺ ជាការប្រគំផ្ទាល់ អំឡុងពេល ដើរ តែម្ដង។

រីឯការប្រគំតន្រ្តីទាំងមូលវិញក៍មានភាពប្លែកផងដែរ ដែលកម្មវិធីត្រូវបានបើកដោយការសម្តែងព្យុហយាត្រាពីក្រុមកាយរិទ្ធិ Wat Koh Marching Band មកពីសាលាវត្តកោះ ដែលជាបទពិសោធន៍ដ៏ថ្មីមិនធ្លាប់មានក្នុងការប្រគំតន្រ្តីពីមុនមក។

លើសពីនេះទៅទៀត ទស្សនិកជនទាំងអស់បានទទួលនូវភាពសប្បាយរីករាយជាមួយនឹងវត្តមាន និងការសម្តែងពីកំពូលតារាចម្រៀងអ្នកនាង ឪក សុគន្ធកញ្ញា និងលោក ព្រាប សុវត្ថិ ព្រមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀតដូចជាកញ្ញា Tey$ ក្រុម KlapYaHandz, La Cima Cartel, និង POLARIX ។ ចំនុចដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់ភ្ញាក់ផ្អើល និងហ៊ោរកក្រើកឆាកនោះគឺវត្តមានរបស់លោកសុវត្ថិ មុនីវណ្ណ ដែលធ្វើការបកស្រាយចម្រៀងជាច្រើនបទជាមួយលោក ព្រាប សុវត្ថិ ផ្ទាល់ ដែលញាំងឲ្យកម្មវិធីកាន់តែមានភាពរំភើបសប្បាយរីករាយ។

ហើយការប្រគំតន្ត្រីរួមគ្នារវាងតារាជើងចាស់ និងតារាថ្មីៗនេះ  គឺប្រៀបបាន ថា  វឌ្ឍនៈ កាពីតាល បានត្រៀមខ្លួនរួចស្រេចក្នុងការបើកទំព័រឆ្នាំថ្មី ជាមួយនឹង អ្វីៗដែលគ្រប់គ្នា នឹកស្មានមិនដល់ ហើយទន្ទឹមនឹងនោះ ក៏ បាន បញ្ចប់ ឆ្នាំចាស់ ជាមួយ សមិទ្ធផល ជាច្រើន ផងដែរ។

អ្វីដែលកាន់តែពិសេសនោះ គឺរាល់តារាចម្រៀងដែលបាន ចូលសម្ដែង នៅក្នុងព្រឹត្តិការណ៍ មួយនេះ បាន សម្រិតសម្រាំង យក សុទ្ធតែបទថ្មីៗ ពិរោះៗ មកកំដរអារម្មណ៍ ភ្ញៀវដែលបាន ចូលរួម និងបាន ញាំងកម្មវិធី ឲ្យ កាន់តែ ឱឡារិក ថែមទៀត។

មិនខុសពីសព្វមួយដង វឌ្ឍនៈ កាពីតាល ក៏បានរៀបចំកម្មវិធីដើរម៉ូដសម្លៀកបំពាក់រដូវកាលចុងក្រោយដោយតារាបង្ហាញម៉ូដលំដាប់អន្តរជាតិ ពីំម៉ាកយីហោលំដាប់ពិភពលោកដូចជា Balenciaga, Burberry, Dolce & Gabbana, Hugo Boss, Moncler, Polo Ralph Lauren, Stefano Ricci, និង Versace ។

ក្រៅពីការសម្តែងពីកំពូលតារាចម្រៀងទោល និងជាក្រុម ព្រមទាំងការដើរម៉ូដសម្លៀកបំពាក់ កម្មវិធីក៏បានអញ្ជើញ DJ មកធ្វើការចាក់ចម្រៀងសប្បាយៗជូនដល់ទស្សនិកជនទាំងអស់ដើម្បីរាំកម្សាន្តរហូតដល់ម៉ោង ២ រំលងអធ្រាត្រដែលធ្វើឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំកាន់តែមានភាពវិសេសវិសាលថែមមួយកម្រិតទៀត។

នេះគឺជាការបើកទំព័រឆ្នាំថ្មីដែលមិនអាចបំភ្លេចបាន ដោយសារតែភាពសប្បាយរីករាយមានតាំងពីដើមរហូតដល់ចប់កម្មវិធី។ កុំភ្លេចតាមដានទាំងអស់គ្នាថា វឌ្ឍនៈ កាពីតាល នឹងមានអ្វីប្លែកបន្ថែមទៀតសម្រាប់ប្រិយមិត្តទាំងអស់ក្នុងឆ្នាំនេះ។

សូមជម្រាបដែរថា  វឌ្ឍនៈ កាពីតាល គឺជា ក្រុមហ៊ុន នាំមុខមួយនៅកម្ពុជា  ដែល មាន អាជីវកម្ម ជាច្រើន ក្នុងដៃ រាប់បញ្ចូល ទាំងលើ វិស័យ ធនាគារ វិស័យអចលនទ្រព្យ និងវិស័យ ម្ហូបអាហារ និងភេសជ្ជៈ ជាដើម ដែលសុទ្ធតែ កំពុង ទទួល បាន ការ គាំទ្រ ខ្លាំងពី សំណាក់ ប្រជាពលរដ្ឋ ទូទាំងប្រទេស៕