នាឱកាសឆ្លងឆ្នាំសកល២០២២ឆ្លងចូល២០២៣ ដែលមានរយៈពេល២ថ្ងៃ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបចំនួនជាង២លាននាក់។ យ៉ាងណាមិញ បើយើងក្រឡេកមើលតំបន់សំខាន់ៗចំនួន៤ នៅរាជធានីភ្នំពេញ បានក្លាយកន្លែងគោលដៅទេសចរណ៍ខ្លាំងជាងគេ និងទាក់ទាញភ្ងៀវទេសចរទៅកម្សាន្តរហូតជាង៤៥ម៉ឺននាក់ផងដែរ។
ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។ ក្នុងនោះ មានគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់, ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់, ខេត្តសៀមរាប ៣៣៧,៧៦៩នាក់, ខេត្តកំពត ៣៣០,៦៥៩នាក់, ខេត្តបាត់ដំបង ១៥៨,១១០នាក់, ខេត្តកែប ៨៨,៣៥៦នាក់, ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់, និង ខេត្តកំពង់ចាម ៧៦,៩០១នាក់។
ក្រសួងទេសចរណ៍បានឱ្យដឹងបន្ថែមថា ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗចំនួន៤ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។
យ៉ាងណាមិញ ក្រសួងអះទៀតថា គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម។
គួរបញ្ជាក់ដែរថា តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងទេសចរណ៍កម្ពុជា៕