ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលទទួលបានថវិកាប្រមាណជាង១០លានដុល្លារ បូករួមនឹងប្រាក់រៀល ពីបណ្តាសម្បុរសជននានា ដើម្បីបង្កា និងទប់ស្កាត់ជំងឺកូវីដ១៩។ជាមួយគ្នានេះ សម្តេចថា នឹងប្រើប្រាស់ថវិកានោះទៅទិញម៉ាសចំនួន៣លានម៉ាសន្ថែមទៀតសំរាប់ប្រជាពលរដ្ឋយើង និងទិញខោអាវពេទ្យប្រមាណ៥ពាន់ផងដែរ។
ការថ្លែងពីសំណាកប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងការលើកឡើងពីប្រមុខរដ្ឋាភិបាលនាពេលនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារ បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
នាកាសនោះសម្តេច ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងនាមប្រមុខដឹកនាំរដ្ឋាភិបាល ខ្ញុំព្រះករុណាសូម អរព្រះគុណចំពោះព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និង សម្តេចម៉ែ និងបណ្តាសប្បុរសជនទាំងអស់ដែលបានប្រទាន និងបរិច្ចាគក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩នេះ។ ថវិកាដែលទទួលបានរហូតមកដល់ពេលនេះគឺមានជាង១០លានដុល្លារ បូករួមប្រាក់រៀល» ។
សម្តេច ក៏បានប្រកាសថាជំហ៊ានដំបូងសម្តេចតេជោនឹងប្រើប្រាស់ថវិកានោះទៅទិញម៉ាសចំនួន៣លានម៉ាសន្ថែមទៀតសំរាប់ប្រជាពលរដ្ឋយើង និងទិញខោអាវពេទ្យប្រមាណ៥ពាន់សម្រាប់ ដែលខោអាវពេទ្យនោះមួយផ្នែកយកពីស្វាយរៀង មួយផ្នែកយកពីកំពង់ចាម និងទិញពីក្រៅប្រទេសបន្ថែមទៀត។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តសុំអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ជម្ងឺនេះទាំងអស់គ្នា។
សូមជម្រាបថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។ បើគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៣នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ និងជនជាតិខ្មែរ១៨នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៦នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៨នាក់៕ អត្ថបទ៖ សិរិកា