ឧកញ៉ាបណ្ឌិត ជា រតនា នាំយករថយន្តសង្គ្រោះបន្ទាន់៣គ្រឿង ជូនដល់កងទ័ព ៣អង្គភាព

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត ជា រតនា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងភរិយា ឧកញ៉ា លីហៀក រតនា ព្រម​ទាំង​ឧកញ៉ា សុខ វណ្ណា និងភរិយា លោកជំទាវ ចាន់ សុទ្ធី នា​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ២០២២ ​​បាន​បន្ត​នាំ​យក​រថយន្តសង្គ្រោះបន្ទាន់​​ ចំនួន ៣​គ្រឿង ​ជូន​ដល់​កងទ័ព​៣​អង្គភាព​ផ្សេងៗ​គ្នា។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់ទទួល​រថយន្ត​សង្គ្រោះបន្ទាន់​នេះ ​​បាន​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​កងទ័ព​ជើង​គោក។ ​រថយន្ត​សង្គ្រោះ​ទាំង​​៣​គ្រឿង​នេះ គឺជា​រថយន្ត​សង្គ្រោះ​ទី ៥៣, ៥៤, ៥៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ​រថយន្តសង្គ្រោះ​ទាំង​៣​គ្រឿង​ បាន​ប្រគល់ជូន៖ ១)វិទ្យាស្ថានកងទ័ពជើងគោក (មួយគ្រឿង), ២)បញ្ជាការដ្ឋានកងទ័ពជើងទឹក (មួយគ្រឿង) និង​៣)បញ្ជាការដ្ឋានរថក្រោះ (មួយគ្រឿង)។

លោកឧកញ៉ាបណ្ឌិត ជា រតនា សង្ឃឹម​ថា រថយន្តសង្គ្រោះ​ទាំង​នេះ ជាការរួមចំណែកដ៏សំខាន់បន្ថែមទៀត ក្នុង​ការជួយដោះស្រាយតម្រូវការរបស់កងទ័ព ហើយក៏ជួយបម្រើកិច្ចការសង្គ្រោះប្រជាពលរដ្ឋទូទៅ ជាពិសេស អាច​ប្រើប្រាស់គ្រប់សកម្មភាព ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ និងសង្គ្រោះប្រជាជន​ពីគ្រោះមហន្តរាយផ្សេងៗជាដើម។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ឧកញ៉ា ជា រតនា ​​នាំ​យក​រថយន្ត​សង្គ្រោះ​ជូន​ដល់​កងទ័ព។ ជាក់​ស្តែង កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ាបណ្ឌិត ក៏​បាន​នាំយករថយន្តសង្គ្រោះបន្ទាន់ គ្រឿង​ទី៥១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ខេត្តកំពង់ស្ពឺ ដើម្បី​ទុកបម្រើសេវាសុខភាពសាធារណៈ ជូនពលរដ្ឋមូលដ្ឋានឱ្យកាន់តែល្អប្រសើរ​ផងដែរ៕