កាលពីពេលថ្មីៗនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើការប្រកាសថា ប្រទេសរបស់ខ្លួន បានសម្រេចលុបចោលទាំងស្រុងចំពោះវិធានការរឹតបន្តឹងកូវីដ-១៩ ដែលនៅសេសសេល់ទាំងអស់ បន្ទាប់ពីបានមើលឃើញថាប្រជាជនទទួលបានការចាក់វ៉ាក់សាំងការពារគ្រប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
លោក Widodo បានថ្លែងប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា វានឹងគ្មានការរឹងបន្តឹងបន្ថែមទៀត ទៅលើការប្រមូលផ្តុំ ឬការជួបជុំអ្វីទៀតនោះឡើយ ខណ:ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងភ្លាមៗ ដោយផ្អែកទៅលើតួលេខនៃការធ្លាក់ចុះ ចំពោះករណីឆ្លងជំងឺកូវីដ-១៩ ចុងក្រោយបង្អស់ ។
ប៉ុន្តែយ៉ាងណាក៏ដោយប្រធានាធិតីរូបនេះ នៅតែជំរុញឱ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីទាំងអស់ បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគរាតត្បាតមួយនេះ រួមទាំងស្នើសុំឱ្យមានការពាក់ម៉ាស់ទាំងនៅក្នុងផ្ទះ និងកន្លែងមានមនុស្សកកកុញច្រើន ។
បន្ថែមពីនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏នឹងមិនមានផែនការលើការរឹតបន្តឹងចំពោះអ្នកដំណើរមកពីប្រទេសចិនផងដែរ និងបន្តរក្សាច្បាប់បន្ធូរបន្ថយកូវីដ-១៩ របស់ខ្លួន សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ។
ជម្រាបជូនផងដែរថា នៅក្រោមច្បាប់បច្ចុប្បន្ន អ្នកដំណើរបរទេស ដែលចូលមកកាន់ឥណ្ឌូនេស៊ី គឺគ្រាន់តែតម្រូវឱ្យបង្ហាញភស្តុតាងណាមួយ ជុំវិញការចាក់វ៉ាក់សាំងគ្រប់ដូសប៉ុណ្ណោះ ដោយប្រទេសនេះ បានធ្វើការដកចេញ នូវវិធានការធ្វើតេស្ត PCR រួចទៅហើយ កាលពីក្នុងខែឧសភា លុះត្រាតែអ្នកដំណើរមានអាការ:ក្តៅខ្លួនប៉ុណ្ណោះ៕