ប្រធានាធិបតីហ្វីលីពីន ស្កាត់ជួបលោក ស៊ី ជីនពីង ពិភាក្សាបញ្ហាទំនាស់សមុទ្រចិនខាងត្បូង

អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr គ្រោងនឹងជួបពិភាក្សាផ្ទាល់អំពីបញ្ហាសន្តិសុខនយោបាយ ជាមួយនឹងប្រធានាធិបតីប្រទេសចិន លោក Xi Jingping នៅអំឡុងដំណើរទស្សនកិច្ចរយ:ពេល ៣ ថ្ងៃ នៅក្នុងសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញដំណើរទស្សនកិច្ចនេះ លោក Marcos ក៏បានបង្ហាញប្រាប់ផងដែរថា លោកកំពុងទន្ទឹងរង់ចាំជួបជាមួយលោក Xi ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ផ្សេងៗទៀត រួមទាំងការពង្រឹងទំនាក់ទំនងរវាងចិន និងហ្វីលីពីនផងដែរ ។

អំឡុងថ្លែងសុន្ធរកថាមុនពេលចេញដំណើរទៅកាន់ប្រទេសចិន លោក Marcos បានមានប្រសាសន៍ថា ៖ ” ខ្ញុំទន្ទឹងរង់ចាំកិច្ចប្រជុំជាមួយប្រធានាធិបតីចិន នៅពេលដែលយើងកំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្ពោះទៅការផ្លាស់ប្តូរគន្លងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតខ្ពស់មួយ។ ហើយសង្ឃឹមថាកិច្ចប្រជុំមួយនេះ នឹងនាំមកនូវការរំពឹងទុក និងឱកាសជាច្រើន សម្រាប់សន្តិភាព និងការអភិវឌ្ឍដល់ប្រជាជននៃប្រទេសទាំងពីរ” ។

យ៉ាងណាមិញ នេះនឹងក្លាយជាជំនួបទល់មុខគ្នាជាលើកទីពីរ រវាងលោក Marcos និងលោក Xi បន្ទាប់ពីមានកិច្ចប្រជុំនៅក្នុងប្រទេសថៃ កាលពីខែវិច្ឆិកាកន្លងទៅ ហើយការជួបគ្នាសារនេះ ភាគីហ្វីលីពីន ក៏ទំនងជាអាចលើកពីបញ្ហាជម្លោះ នៅសមុទ្រចិនខាងត្បូងផងដែរ ។

មែនទែនទៅ បញ្ហានៅសមុទ្រចិនខាងត្បូងបានកើតមានជាយូរមកហើយ ខណ:ពេលដែលហ្វីលីពីនមានក្តីបារម្ភខ្លាំង ចំពោះសកម្មភាពសាងសង់របស់ប្រទេសចិន ក៏ដូចជាការចូលបំពាននៃនាវា នៅក្នុងដែនទឹក ដែលកំពុងមានជម្លោះស្រាប់នេះ ។

បើតាមអ្នកវិភាគបានរំពឹងទុកថា លោក Marcos នឹងប្រើប្រាស់ការធ្វើដំណើរទស្សនកិច្ចនេះ ដើម្បីជួយឱ្យមានតុល្យភាពឡើងវិញ នូវគោលនយោបាយបរទេសរបស់ខ្លួន ជាមួយនឹងការងាកមករកប្រទេសចិនវិញ ដែលផ្ទុយពីសកម្មភាពរបស់អតីតមេដឹកនាំចាស់ លោក Rodrigo Duterte ដែលមានទំនោរទៅខាងសហរដ្ឋអាមេរិក ។

ជម្រាបជូនផងដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ហ្វីលីពីនត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗចំនួនជាង ១០ ជាមួយប្រទេសចិន បន្ថែមពីលើកិច្ចព្រមព្រៀងដែលមានស្រាប់ជាង ១០០ រវាងប្រទេសទាំងពីរ៕